ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លើកឡើងថាឆ្នាំនេះខ្ទង់ ចំណាយយោធាបានកើនឡើង ទៅដល់៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប

បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងចំណាយកើនឡើង ទៅដល់៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិនៅឆ្នាំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង Helsingborg ប្រទេសស៊ុយអែត លោក Wadephul បាននិយាយថា ប្រទេសអាល្លឺម៉ង់កំពុងឆ្ពោះទៅរកគោលដៅ៥ភាគរយ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Deutschlandfunk បានរាយការណ៍។

រំលឹកដែរថាសម្ព័ន្ធមិត្តណាតូបានសម្រេចចិត្តកាលពីឆ្នាំមុនដើម្បីដំឡើងការចំណាយលើវិស័យការពារជាតិដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣៥ ។

លោក Wadephul ក៏បានប្រកាសអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងឧស្សាហកម្មការពារជាតិនៃអឺរ៉ុប និងអ៊ុយក្រែនផងដែរ។

លោកបាននិយាយថា តម្រូវការយោធានា ពេលអនាគតរបស់អ៊ុយក្រែន គួរតែត្រូវបានផ្តល់ហិរញ្ញប្បទាន ជាបន្តបន្ទាប់ដោយដៃគូអង្គការណាតូអឺរ៉ុប និងកាណាដា។

ដោយឡែកពាក់ព័ន្ធទៅនឹងការប្រកាសដកទ័ពអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់វិញ លោក Wadephul បាននិយាយថា វាតែងតែច្បាស់ថាទីក្រុងវ៉ាស៊ីនតោននឹងដាក់ពង្រាយ អង្គភាពឡើងវិញ។ លោកក៏បានស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់កងទ័ពចំនួន៥០០០ នាក់នៅក្នុងប្រទេសប៉ូឡូញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top