ព័ត៌មានអន្តរជាតិ

ក្រុមចរចារបស់ប្រទេសកាតា ធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក ជួយធានាកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

បេទេស៖ ក្រុមចរចារបស់ប្រទេសកាតា បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ហើយនៅថ្ងៃសុក្រ ដើម្បីសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ព្យាយាមជួយធានាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងដោះស្រាយបញ្ហាដែលនៅសេសសល់, នេះបើយោងតាមប្រភពមួយ ដែលដឹងពីបញ្ហានេះបាន ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ទីក្រុងដូហា ដែលធ្លាប់ធ្វើការជាអ្នកសម្របសម្រួលក្នុងសង្គ្រាមហ្គាហ្សា និងតំបន់ផ្សេងទៀតនៃភាពតានតឹងអន្តរជាតិ រហូតមកដល់ពេលនេះ បានដកខ្លួនចេញពីការដើរតួនាទីសម្របសម្រួលក្នុងសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីកាតាបានរងការវាយប្រហារពីមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះចុងក្រោយ។

ប្រភពនេះបាននិយាយថា “ក្រុមចរចាកាតាបានទៅដល់ទីក្រុងតេហេរ៉ង់នៅថ្ងៃសុក្រ” ដោយបន្ថែមថា ក្រុមនេះបានធ្វើដំណើរសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ហើយនៅទីនោះដើម្បីជួយ “ឈានដល់កិច្ចព្រមព្រៀងចុងក្រោយដែលនឹងបញ្ចប់សង្គ្រាម និងដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយអ៊ីរ៉ង់”។

ក្រសួងការបរទេសកាតាមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ក្នុងពេលដែលប៉ាគីស្ថានបានបម្រើការជា អ្នកសម្របសម្រួលជាផ្លូវការចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើម ការចូលរួមឡើងវិញរបស់ប្រទេសកាតា បានឆ្លុះបញ្ចាំងពីតួនាទីយូរអង្វែងរបស់ខ្លួន ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ និងជាបណ្តាញខាងក្រោយដែលគួរឱ្យទុកចិត្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

ប្រែសម្រួលៈ ណៃ តុលា

To Top