ប្រធានស៊ើបការណ៍ សម្ងាត់ជាតិ សហរដ្ឋអាមេរិក ប្រកាសលាលែងពីតំណែង
បរទេស៖ លោកស្រី Tulsi Gabbard នាយិកាស៊ើបការណ៍សម្ងាត់ជាតិ សហរដ្ឋអាមេរិក បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពីការធ្វើរោគវិនិច្ឆ័យថ្មីៗ របស់ស្វាមីលោកស្រីថា មានជំងឺមហារីកឆ្អឹងប្រភេទកម្រមួយ។ ការលាលែងពីតំណែង របស់លោកស្រី បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកស្រីបានបង្ហាញថា លោកស្រីកំពុងស៊ើបអង្កេតមន្ទីរពិសោធន៍ ជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រី Tulsi Gabbard បានសរសេរនៅក្នុងលិខិតមួយផ្ញើ ទៅកាន់ប្រធានាធិបតីដែលលោកស្រីបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ជាអកុសល ខ្ញុំត្រូវតែដាក់លិខិតលាលែងពីតំណែង ដែលចូលជាធរមាននៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦”។ “ស្វាមីរបស់ខ្ញុំ Abraham ថ្មីៗនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឆ្អឹងប្រភេទកម្រមួយ ។ នៅពេលនេះ ខ្ញុំត្រូវតែចាកចេញពីសេវាសាធារណៈ ដើម្បីនៅក្បែរគាត់ និងគាំទ្រគាត់យ៉ាងពេញទំហឹងក្នុងសមរភូមិនេះ”។
លោកស្រី Gabbard នឹងត្រូវបានជំនួសដោយអនុប្រធាន DNI បច្ចុប្បន្នរបស់លោកស្រី គឺលោក Aaron Lukas នេះបើយោងតាមការបង្ហោះនៅលើវេទិកា Truth Social របស់លោក Trump។ លោកប្រធានាធិបតីបានបន្ថែមថា “លោកស្រី Tulsi បានធ្វើការងារដ៏អស្ចារ្យ ហើយយើងនឹងនឹកនាង”។
សូមជម្រាបថា អតីតសមាជិកបក្សប្រជាធិបតេយ្យ លោកស្រី Gabbard បានចាកចេញពីគណបក្សនេះ ហើយបានថ្កោលទោសមេដឹកនាំរបស់ខ្លួនថាជា «អ្នកគាំទ្រសង្គ្រាមនិយមជ្រុល» និងជាអ្នករើសអើងជាតិសាសន៍ប្រឆាំងស្បែកសក្នុងឆ្នាំ ២០២២។ លោកស្រី Gabbard បានគាំទ្រលោក Trump ក្នុងឆ្នាំ ២០២៤ ដោយអះអាងថា មានតែលោក Trumpទេ ដែលអាច «នាំយើងត្រឡប់មកវិញពីគែមនៃសង្គ្រាម»។
ប្រែសម្រួលៈ ណៃ តុលា
