ប្រធានាធិបតីគុយបា៖ សហរដ្ឋអាមេរិក កំពុងប្រើវោហាសាស្ត្រទទេ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានខាងយោធារបស់ខ្លួន
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើ «វោហាសាស្ត្រទទេ» ដើម្បីដាក់ស្លាកប្រទេសកោះនេះថាជា «អ្នកឧបត្ថម្ភភេរវកម្ម» ដោយគ្មានភស្តុតាង ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្សព្វផ្សាយនិទានកថានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានខាងយោធា។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោក Diaz-Canel បានឲ្យដឹងថា ការអះអាងថា គុយបា តំណាងឱ្យការគំរាមកំហែងដល់សហរដ្ឋអាមេរិក «អាចមាននៅក្នុងចិត្តដែលឈឺ» របស់មន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន។
លោកបានលើកឡើងថា មន្ត្រីទាំងនោះបានលួចគោលនយោបាយគុយបារបស់ទីក្រុងវ៉ាស៊ីនតោន ហើយកំពុងកុហកប្រជាជនអាមេរិក និងពិភពលោកដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃ «សង្គ្រាមមិនសមហេតុផលថ្មីមួយដែលមានសក្តានុពលខ្ពស់ក្នុងការខាតបង់ជីវិតមនុស្ស សម្រាប់ប្រទេសទាំងពីរ»។
លោក Diaz-Canel បានបន្ដថា គុយបា បានស្វែងរកការរស់នៅក្នុងសន្តិភាពចាប់តាំងពីជ័យជំនះនៃបដិវត្តន៍របស់ខ្លួន ខណៈដែលរដ្ឋបាលអាមេរិក ជាបន្តបន្ទាប់បានគំរាមកំហែងសិទ្ធិនោះ «ម្តងហើយម្តងទៀត»។
ប្រធានាធិបតីគុយបារូបនេះ បានបន្ដថា “ឥឡូវនេះពួកគេធ្វើដូច្នេះនៅកម្រិតខ្លាំង ដោយផ្សំការកុហកមិនសមហេតុផលជាមួយនឹងការបំភិតបំភ័យយោធា និងការដកហូតធនធាន និងសេវាកម្មជាមូលដ្ឋានបំផុតរបស់ប្រជាជនគុយបា សម្រាប់ការរស់រានមានជីវិតប្រចាំថ្ងៃរបស់ពួកគេ”។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមួយ “ដែលបានជ្រកកោនភេរវករដ៏ល្បីល្បាញបំផុតនៃទ្វីបនេះ” កំពុងដាក់ស្លាកប្រទេសគុយបាថា ជាអ្នកឧបត្ថម្ភភេរវកម្ម “ដោយមិនបង្ហាញភស្តុតាងតែមួយដុំ និងប្រឈមមុខនឹងការបដិសេធភាគច្រើនពីសហគមន៍អន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា
