ក្រុមមន្ត្រី របស់សហរដ្ឋអាមេរិក លំអិតអំពីលទ្ធភាព ក្នុងការបន្តបទឈប់បាញ់គ្នា បន្ថែមទៀតជាមួយនឹងអ៊ីរ៉ង់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតAxios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដែលនឹងបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃទៀត។
បទឈប់បាញ់គ្នាដែលនឹងធ្វើឡើង ក្នុងអំឡុងពេលដែលច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញហើយការ រឹតបន្តឹងលើពាណិជ្ជកម្មប្រេងប្រឆាំងនឹងទីក្រុងតេហរ៉ង់ ត្រូវបានដកចេញ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងព្យាយាមឈាន ដល់កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់ជម្លោះផងដែរ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងកាលពីថ្ងៃសៅរ៍ថា អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ត្រូវបាន ចរចារយ៉ាងលំអិតហើយ បច្ចុប្បន្នកំពុងត្រូវបានរៀបចំដើម្បីអាចបញ្ចប់បាន ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baghaei បាននិយាយនៅថ្ងៃដដែលនោះថា ភាគីនានាកំពុងខិតទៅជិត ការបង្រួបបង្រួមនៃទស្សនៈរួមគ្នាមួយ ប៉ុន្តែបានកត់សម្គាល់ថាទីក្រុងតេហរ៉ង់នៅតែមានការព្រួយបារម្ភអំពីការវិលត្រលប់ដែលអាចធ្វើទៅបានដោយទីក្រុងវ៉ាស៊ីនតោន។
បទឈប់បាញ់ដ៏ផុយស្រួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ត្រូវបានបង្កើតឡើងនៅដើមខែមេសា បន្ទាប់ពីរយៈពេលមួយខែនៃអរិភាពដ៏ខ្លាំងក្លា ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក លោក Trump បានគំរាមអ៊ីរ៉ង់ ម្តងហើយម្តងទៀតជាមួយនឹងការវាយប្រហារជាថ្មី ប្រសិនបើខ្លួនមិនព្រមធ្វើសម្បទាន តាមការទាមទារទេនោះ៕
ប្រែសម្រួល៖ស៊ុនលី
