DAP News
ព័ត៌មានអន្តរជាតិ

អាមេរិក​ នៅតែបដិសេធមិនទទួលយក ប្រការមួយចំនួននៃ​ MOU ជាមួយអ៊ីរ៉ង់​ ស្ដីពីការបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ នៅតែបដិសេធមិនទទួលយកប្រការមួយចំនួននៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់​ ស្តីពីការបញ្ចប់សង្គ្រាម នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់​Tasnim។

ដោយដកស្រង់ព័ត៌មាន ដែលទទួលបានដោយអ្នកយកព័ត៌មានរបស់ខ្លួន Tasnim បានឧ្យដឹងថា ទោះបីជាមានការចរចា មួយចំនួនរវាងភាគីទាំងពីរ កាលពីថ្ងៃអាទិត្យក៏ដោយ សហរដ្ឋអាមេរិក​ នៅតែរារាំងប្រការមួយចំនួន នៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាព រួមទាំងការដោះលែងទ្រព្យសម្បត្តិ​ ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់។

ប្រភពបានបន្ថែមថា នៅតែមានលទ្ធភាពដែលអនុស្សរណៈនៃការយោគយល់គ្នានេះនឹងត្រូវបានលុបចោល ហើយអ៊ីរ៉ង់​ បានសង្កត់ធ្ងន់ថា ខ្លួននឹងមិនដកថយពីបន្ទាត់ក្រហមរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់ប្រជាជនរបស់ខ្លួនឡើយ។

នៅថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ កំពុងធ្វើការ​ ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីការបញ្ចប់សង្គ្រាម។

លោក Baghaei បានសង្កត់ធ្ងន់ថា “នៅដំណាក់កាលនេះ ការផ្តោតអារម្មណ៍របស់យើង​ គឺលើការបញ្ចប់សង្គ្រាម​ ដែលបានដាក់ចេញ” ដោយបន្ថែមថា “ចេតនារបស់អ៊ីរ៉ង់​ គឺត្រូវយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នាដែលមាន ១៤ ប្រការជាមុនសិន”។

លោកបានកត់សម្គាល់ថា «ក្នុងរយៈពេលពី ៣០ ទៅ ៦០ ថ្ងៃ» ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន​ នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយ ដោយថា «ក្នុងចំណោមប្រធានបទសំខាន់ៗ​ ដែលត្រូវដោះស្រាយ នៅក្នុង អនុស្សរណៈនៃការយោគយល់គ្នានេះ គឺការបញ្ឈប់ការវាយប្រហារ តាមសមុទ្ររបស់ សហរដ្ឋអាមេរិក ឬការបិទផ្លូវកង ទ័ពជើងទឹក ដូចដែលពួកគេហៅវា និងបញ្ហាផ្សេងទៀតដែលទាក់ទង នឹងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់»។

អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់បទឈប់បាញ់គ្នានៅថ្ងៃទី ៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ ថ្ងៃ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ លើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top