ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ បញ្ជាក់ពីការត្រៀមខ្លួន​ សម្រាប់កិច្ចចរចានុយក្លេអ៊ែរ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានឧ្យដឹងថា សហរដ្ឋអាមេរិក​ បានត្រៀមខ្លួនរួច ជាស្រេចដើម្បីចូលទៅក្នុង “កិច្ចចរចា” អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។

របាយការណ៍បានឧ្យដឹងថា​ ការកត់សម្គាល់នេះបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន​ អាចនឹងចាត់វិធានការជាដំណាក់កាល ហើយទទួលយកកិច្ចព្រមព្រៀងបណ្តោះអាសន្ន​ ដែលមិនបានដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភ្លាមៗនោះទេ។

លោក Rubio បានប្រាប់កាសែតនេះ នៅក្នុងបទសម្ភាសន៍ខ្លីមួយក្នុងអំឡុង ពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងញូវដេលីថា “អ្នកមិនអាចធ្វើរឿងនុយក្លេអ៊ែរក្នុងរយៈពេល ៧២ម៉ោង​ បាននោះទេ​”។

លោក Rubio បានេីកឡេីងថា “ច្រកសមុទ្រ ត្រូវតែបើកឡើងវិញភ្លាមៗ ហើយបន្ទាប់មកយើង នឹងចូលទៅក្នុងការចរចា ដ៏ធ្ងន់ធ្ងរអំពីការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម​ ដែលមានកម្រិតខ្ពស់ និងការសន្យារបស់ពួកគេថា នឹងមិនដែលមានអាវុធ នុយក្លេអ៊ែរឡើយ”។

លោកបានបន្ថែមថា «វាមិនអាចចំណាយ ពេលច្រើនឆ្នាំទេ ប៉ុន្តែវានឹងត្រូវការពេលវេលាខ្លះ​ ដើម្បីដោះស្រាយបញ្ហា បច្ចេកទេសទាំងនោះ»។​ រដ្ឋមន្ត្រីការបរទេសរូបនេះបានណែនាំថា សហរដ្ឋអាមេរិក​ អាចបន្តការគំរាមកំហែងរបស់ខ្លួន​ ដើម្បីវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចា មិនទទួលបានផ្លែផ្កាក្នុងរយៈពេលពីរខែ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top