បេរូត៖ មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem បានឧ្យដឹងថា ការប៉ុនប៉ងដកហូតអាវុធពីក្រុមនេះនឹងនាំទៅរក “ការលុបបំបាត់” របស់ខ្លួន និងការកាន់កាប់ប្រទេសលីបង់បន្តិចម្តងៗ ដោយសន្យាថា ហេសបូឡា នឹងបន្តប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។
លោក Qassem បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al-Manar ថា “យើងត្រូវបានគំរាមកំហែងនៅក្នុងអត្ថិភាពរបស់យើង ហើយយើងនឹងការពារខ្លួនយើង ចំពោះលទ្ធផលមួយក្នុងចំណោមលទ្ធផលពីរគឺ ជ័យជម្នះ ឬការធ្វើទុក្ខបុកម្នេញ”។
លោកបានលេីកឡេីងថា អ៊ីស្រាអែលស្វែងរកការលុបបំបាត់ការតស៊ូ និងកាន់កាប់ប្រទេសលីបង់ទាំងមូលជាផ្នែកមួយនៃគម្រោង “អ៊ីស្រាអែលដ៏អស្ចារ្យ” ដោយបន្ថែមថា ក្រុមហេសបូឡា នឹងមិនដកថយនោះទេ ទោះបីជាមានការបំផ្លិចបំផ្លាញ និងអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយជម្លោះក៏ដោយ។
មេដឹកនាំក្រុមហេសបូឡារូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលលីបង់ បន្តការចរចាដោយប្រយោលជំនួសឱ្យការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដោយព្រមានរដ្ឋាភិបាលកុំឱ្យប្រកាន់ជំហរប្រឆាំងនឹងក្រុមតស៊ូ ឬធ្វើអ្វីដែលលោកពិពណ៌នាថា ជាសម្បទានដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូល បូរ៉ា
