DAP News
ព័ត៌មានអន្តរជាតិ

កសាងស្ពានមិត្តភាព រួមគ្នាសរសេរជំពូកថ្មី នៃកិច្ចសហប្រតិបត្តិការ លោក ​ហេង ​ពៅ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងស៊ីអានប្រទេសចិន ៖ ពង្រឹងកិច្ចសហប្រតិបត្តិការ កម្រិតមូលដ្ឋានរវាង ប្រទេស​​​​​​កម្ពុជា និងប្រទេសចិន តាមរយៈការអនុវត្តការទូត

ក្នុងបរិបទ ដែលប្រទេសកម្ពុជា កំពុងជំរុញការអនុវត្ត“យុទ្ធសាស្ត្របញ្ចកោណ” និង ពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបើកទូលាយ ទៅក្រៅប្រទេស និង ការទាក់ទាញវិនិយោគ បរទេស បានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ការពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រៅក្របខណ្ឌអាស៊ានឱ្យកាន់តែទូលំទូលាយ និង ការពង្រឹងការតភ្ជាប់ជាមួយធនធានសកល ក៏កំពុងក្លាយជាទិសដៅសំខាន់មួយ នៃការងារការទូតរបស់កម្ពុជាផងដែរ ។

នៅក្នុងដំណើរការនេះ លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន ​បានជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូររវាងមូលដ្ឋាន និង មូលដ្ឋាន​ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការ ផ្លាស់ប្តូរប្រជាជន​និង​ប្រជាជន​រវាងកម្ពុជា និងចិន ដោយផ្អែកលើបទពិសោធន៍ជា ច្រើនឆ្នាំរបស់លោកក្នុងវិស័យ​ការទូតថ្នាក់មូលដ្ឋាន​ និង​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានក្លាយជាអ្នកជំរុញ និងជាសាក្សី ដ៏សំខាន់នៃដំណើរការនេះ។

មិត្តភាពដែកថែបកម្ពុជា-ចិន ឈាន ចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូតមក ប្រទេសកម្ពុជា និងប្រទេសចិនរក្សាបាននូវ ទំនុកចិត្តគ្នាកម្រិតខ្ពស់ទៅវិញទៅមកលើផ្នែកនយោបាយ ។ ភាគីទាំងពីរបានរក្សា​ជំហរ​ គាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និង ចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ត្រូវបានបន្តធ្វើ​ឱ្យ​ស៊ី​ជំរៅ​ ដើម្បី​រួមគ្នា​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់​រដូវកាល​ក្នុងយុគសម័យថ្មី ។
ក្រោមទិដ្ឋភាព ​នៃ​ការបន្ស៊ី​គ្នា កាន់តែស៊ីជម្រៅរវាង “យុទ្ធសាស្ត្របញ្ចកោណ”របស់​កម្ពុជា និង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ”របស់​ចិន កិច្ចសហប្រតិបត្តិការ ទ្វេភាគី ត្រូវ​បានពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ​ និង ប្រទេស​ប្រភពទេសចរណ៍សំខាន់របស់កម្ពុជាជាច្រើន​ឆ្នាំ​មក​នេះ​ ។

លោកអគ្គកុងស៊ុល ហេង ពៅ បាន សង្កត់​ធ្ងន់​ជាច្រើន​ដង​ថា ភាពរស់រវើកពិតប្រាកដនៃ”មិត្តភាពដែកថែប”នេះ មិនត្រឹមតែត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ឯកភាពគ្នាជាយុទ្ធសាស្ត្រនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏​ត្រូវ​បាន​បង្ហាញ​នៅក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងជាក់ស្តែងនៅ​ថ្នាក់មូលដ្ឋាន​ និងរវាងប្រជាជននិងប្រជាជនផងដែរ។ បទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ជាមន្ត្រី​កុងស៊ុល​ប្រចាំនៅទីក្រុងស៊ីអានប្រទេសចិន គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃគោលគំនិតនេះ។

ពង្រីកកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា​ និង តំបន់ភាគខាងលិចនៃប្រទេសចិន ដោយប្រើប្រាស់ទីក្រុងស៊ីអានជាចំណុចស្នូល
ក្នុងនាមជាទីក្រុងស្នូលមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទីក្រុងស៊ីអានប្រទេសចិនមាន សក្ដានុពល​សេដ្ឋកិច្ចបើកចំហទៅកាន់អាស៊ីកណ្តាល អាស៊ាន និងពិភពលោក។ ទីក្រុងនេះមានសមត្ថភាពឧស្សាហកម្មលេចធ្លោ និងសម្បូរដោយធ​នធានវិទ្យាសាស្ត្រ និងការអប់រំ ក្នុង​វិស័យដូចជា ព័ត៌មានវិទ្យា អេឡិចត្រូនិក យានយន្តថាមពលថ្មី ភស្តុភារទំនើប បច្ចេកវិទ្យាឌីជីថល ជីវវេជ្ជសាស្ត្រ និងអវកាស ។ល។ ដែលបានធ្វើឱ្យទីក្រុងស៊ីអានក្លាយជាដៃគូសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ដំណើរការឧស្សាហូបនីយកម្មរបស់ខ្លួន និងការនាំយកបច្ចេកវិទ្យាទំនើបៗចូលក្នុងស្រុក។

លោកអគ្គកុងស៊ុល ហេង ពៅ បានយល់ដឹងយ៉ាងច្បាស់​អំពីតម្លៃនៃច្រកយុទ្ធសាស្ត្រនេះ។លោកបានខិតខំ​លើកកម្ពស់ការចូលរួមរបស់ប្រទេសកម្ពុជា នៅក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗនៅក្នុងខេត្តសានស៊ី(Shaanxi) ដោយបានផ្សព្វផ្សាយនូវឱកាសវិនិយោគនៅ​ប្រទេសកម្ពុជាក្នុងវិស័យផលិតកម្ម កសិកម្ម សួនឧស្សាហកម្ម និងទេសចរណ៍ ដើម្បីជួយប្រទេសកម្ពុជាទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគរបស់សហគ្រាសនៅភាគខាងលិចប្រទេសចិន។ នៅក្នុង “សន្និសីទអភិវឌ្ឍន៍សហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស៊ីអាន+ អាស៊ាន + មជ្ឈិមបូព៌ា + អឺរ៉ុប ឆ្នាំ២០២៦” ដែលបានធ្វើឡើងកាល​ពី​ខែមេសា ឆ្នាំ២០២៦ នេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីសក្ដានុពល​ភូមិសាស្ត្រក្នុងតំបន់និងសក្តានុពលឧស្សាហកម្មនៃប្រទេសកម្ពុជា ដោយ​បានទទួលការឆ្លើយតបជាវិជ្ជមានពីភាគីជាច្រើន​។
លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យចេញជារូបរាង នាំចូលធនធានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងវិស័យកសិកម្ម លោកអគ្គកុងស៊ុល ហេង ពៅ បានភ្ជាប់ទំនាក់ទំនងយ៉ាង សកម្មជាមួយនឹងវេទិកានានា ដូចជាតំបន់គំរូឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់វិស័យកសិកម្ម Yangling ដោយបាននាំយក នូវធនធានបច្ចេកវិទ្យាកសិកម្មចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “ច្រករបៀងត្រី និងអង្ករ” របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការ ត្រូវបានពង្រីក ជាបន្តបន្ទាប់នៅក្នុងវិស័យជាច្រើនដូចជា ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងភស្តុភារកម្មខ្សែ សង្វាក់ត្រជាក់ ។ ទន្ទឹមនឹងនេះ ផលិតផលកសិកម្មពិសេសមកពីយេនអាន (Yan’an) និងបាវជី(Baoji)ក្នុងខេត្តសានស៊ី(Shaanx) ដូចជាផ្លែប៉ោម និងផ្លែគីវី ត្រូវបាននាំចូលមកទីផ្សារកម្ពុជា ។ នៅឆ្នាំ២០២៥ ត្រីស្ទឺជិនQinling មកពីស្រុកហ្វូភីង ខេត្តសានស៊ី(Shaanxi) ត្រូវបាននាំចូលមកកម្ពុជាជាលើកដំបូង ដោយសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី នៃផលិតផលកសិកម្មស្រស់ៗ និងបានណែនាំការផ្គត់ផ្គង់ ដែលមានគុណភាពខ្ពស់ថ្មីដល់ទីផ្សារអ្នកប្រើប្រាស់កម្ពុជា ។

នៅក្នុងវិស័យឧស្សាហកម្ម និងការអភិវឌ្ឍបៃតង សហគ្រាសផលិតឧបករណ៍បរិក្ខារ​ សានស៊ី(Shaanxi) ដែលតំណាងដោយក្រុមហ៊ុន Shaanxi Heavy Truck បានបន្តចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ ក្រុមហ៊ុនសំណង់​ CCCC Xi’an Road Construction Machinery ដែលជាសហគ្រាសមកពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចេកវិទ្យាស៊ីអាន បាននាំចេញឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់មកកាន់ប្រទេសកម្ពុជា ដើម្បី​ផ្តល់ការគាំទ្របច្ចេកទេសជាក់ស្តែង សម្រាប់ការកសាងទីក្រុងបៃតងនៅប្រទេសកម្ពុជា។

ក្នុងវិស័យអប់រំ និង​ ធនធានមនុស្ស​ លោកអគ្គកុងស៊ុល ហេង ពៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរយុវជន និងយុវជន ក្នុងនោះ លោកបានសម្របសម្រួលនិស្សិតកម្ពុជាជាច្រើនឱ្យបានមកសិក្សានៅសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី(Shaanxi) និងបានជំរុញយ៉ាងសកម្មដល់ការបង្កើតយន្តការរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលភាសា ការអប់រំវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបន្តបណ្តុះបណ្តុំធនធាន​ទេពកោសល្យជាមួយនឹងទស្សនវិស័យអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា។

ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិត​ មូលដ្ឋាន​ ធ្វើឱ្យ«មិត្តភាពកម្ពុជា-ចិន» ចាក់ឫសកាន់តែជ្រៅ
នៅកម្រិតនៃកិច្ចសហប្រតិបត្តិការ មិត្តភាពក្នុងមូលដ្ឋាន​ ខេត្តសានស៊ី(Shaanxi) ប្រទេសចិន និង ខេត្តសៀមរាបប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងមេត្រីភាពថ្នាក់ខេត្ត ដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ បន្ថែមលើនេះទៀត នៅក្នុងឆ្នាំ ២០២៥ លោកអគ្គកុងស៊ុល ហេង ពៅ បានសម្របសម្រួលកិច្ចប្រជុំទំនាក់ទំនង និង ផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយជោគជ័យ រវាងខេត្តកោះកុងប្រទេសកម្ពុជា និងទីក្រុងវៃណាន(Weinan) ខេត្តសានស៊ី(Shaanxi) ប្រទេសចិន ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាស៊ីជំរៅជុំវិញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជា ពាណិជ្ជកម្មសំបុកត្រចៀកកាំ ការអភិវឌ្ឍនេសាទ ការកែច្នៃម្ហូបអាហារ ថាមពលថ្មីសូឡា និងទេសចរណ៍វប្បធម៌ ដោយនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន​ ពីការផ្លាស់ប្តូរមិត្តភាពប្រពៃណីទៅជា​កម្រិតថ្មីនៃភាពស៊ីសង្វាក់គ្នាផ្នែកឧស្សាហកម្ម។

ទាក់ទងនឹងការតភ្ជាប់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន​ លោក ហេង ពៅ បានជំរុញយ៉ាងសកម្មនូវការតភ្ជាប់ផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជា និងចិន។ នៅក្នុងខែមករា ឆ្នាំ២០២៤ លោកបានជួបពិភាក្សាជាមួយលោក Ye Niuping អភិបាលក្រុងស៊ីអានប្រទេសចិន ​ដោយផ្តោតជាសំខាន់​លើការផ្លាស់ប្តូរ និងការសម្របសម្រួលទាក់ទងនឹងការបើក​ផ្លូវហោះហើរត្រង់រវាងក្រុងស៊ីអាន​ និងប្រទេសកម្ពុជា ។ នៅក្នុងខែធ្នូ ឆ្នាំដដែលនោះ ផ្លូវហោះហើរត្រង់រវាងស៊ីអាន និងភ្នំពេញត្រូវបានបើកជាផ្លូវការ ដែលជួយសម្រួលបន្ថែមទៀត ដល់ការផ្លាស់ប្តូរប្រជាជន និង ប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងទាំងពីរ និងបង្កើតបានជាកម្លាំងចលករថ្មី នៅក្នុងឧស្សាហកម្មទេសចរណ៍ របស់កម្ពុជាដោយទាក់ទាញភ្ញៀវទេសចរថ្មីមកពីភាគខាងលិចប្រទេសចិន។ លើសពីនេះ លោកបានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអានជាច្រើនលើក ដោយបាន​ផ្សព្វផ្សាយជាបន្តបន្ទាប់នូវប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប ធនធានទេសចរណ៍ចម្រុះ និង ភាពទាក់ទាញ ផ្នែកវប្បធម៌របស់ប្រទេសកម្ពុជាដល់ សាធារណជនចិន ដែលនេះ​បាន​បង្កើនឥទ្ធិពលនៃសក្ដានុពលទេសចរណ៍ របស់កម្ពុជានៅក្នុងទីផ្សារភាគខាងលិចប្រទេសចិនបន្ថែមទៀត។
ក្នុងវិស័យផ្លាស់ប្តូរប្រជាជននិង​ប្រជាជន​ លោកបានខិតខំ​ផ្សព្វផ្សាយ វប្បធម៌កម្ពុជានៅក្នុងខេត្តសានស៊ី ដោយបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចិន អំពីប្រវត្តិសាស្ត្រដ៏យូរអង្វែង និង ភាពទាក់ទាញខាងវប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈមធ្យោបាយផ្សេងៗដូចជាការតាំងពិព័រណ៍វប្បធម៌ ការរៀបចំសកម្មភាពផ្លាស់ប្ដូរសិល្បៈ ការផ្សព្វផ្សាយទេសចរណ៍ និង ការរៀបចំសកម្មភាពពិធីបុណ្យជាដើម។ព្រឹត្តិការណ៍វប្បធម៌ដូចជា “ផ្សារម្ហូបអាហារអាស៊ាន” ត្រូវបានធ្វើឡើងនៅទីក្រុងស៊ីអានប្រទេសចិន ដោយនាំយកវប្បធម៌កម្ពុជា មកជូនប្រជាជននៅភាគខាងលិចប្រទេសចិន និង លើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក និង ពង្រឹងបន្ថែមនូវមិត្តភាពរវាងប្រជាជន​ប្រទេសទាំងពីរ ។

ជិតចប់អាណត្តិ មនោសញ្ចេតនាលោកនៅតែជាប់ជាមួយប្រទេសទាំងពីរ
អាណត្តិរបស់លោកអគ្គកុងស៊ុល ហេង ពៅ ជិតដល់ទីបញ្ចប់ហើយ។ ប្រសិនបើ ក្រឡេកមើលទៅក្រោយ អស់រយៈពេលជាច្រើនឆ្នាំ ដែលលោកបានបំពេញការងារ នៅទីក្រុងស៊ីអាន លោកបានទទួលស្គាល់ដោយស្មោះត្រង់ថា បទពិសោធន៍នេះ គឺជាជំពូកដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិត​ការទូតរបស់លោក។ “មិត្តភាពរវាងកម្ពុជា និងចិន មានឫសគល់ចាក់តាំងពីបុរាណកាល ហើយត្រូវបានបីបាច់រក្សាឲ្យមានភាពរឹងមាំនៅក្នុងបច្ចុប្បន្នកាល និង បន្តរីកចម្រើនកាន់តែស៊ីជម្រៅនាពេលអនាគត ។ យើងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាបន្តបន្ទាប់រវាងភាគីទាំងពីរ ដើម្បីធ្វើឱ្យ​ប្រជាជននៃប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើនពីមិត្តភាពនេះ”។
​មន្ត្រីការទូតដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្ម និងជាក់ស្តែងដូចលោកអគ្គកុងស៊ុល ហេង ពៅ នេះហើយ ដែលបានធ្វើឱ្យមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែស្ថិតនៅក្នុងកម្រិត នៃសុន្ទរកថា ឬ ទស្សនវិស័យធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញលទ្ធផល ជាក់ស្តែងតាមរយៈការផ្សព្វផ្សាយវិនិយោគរាល់លើក​ ការបញ្ជាទិញផលិតផលកសិកម្មនីមួយៗ និង និស្សិតគ្រប់គ្នា​ដែលទៅសិក្សានៅប្រទេសចិនផងដែរ៕

To Top