ព័ត៌មានអន្តរជាតិ

​ មេដឹកនាំអ៊ីស្រាអែល ៖ កិច្ចព្រមព្រៀងចុងក្រោយ ណាមួយជាមួយអ៊ីរ៉ង់​ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បានឯកភាពគ្នាថា កិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់​ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន។

លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅក្នុងសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះមានន័យថា ការរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកយកសម្ភារៈនុយក្លេអ៊ែរចម្រាញ់រួចចេញពីទឹកដីរបស់ខ្លួន”។

លោកបានបន្ថែមថា “គោលនយោបាយរបស់លោក ដូចជាគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ នៅតែមិនផ្លាស់ប្តូរ​ ដោយថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ”។

លោកបានលេីកឡេីងថា លោកបានជជែកជាមួយលោក ត្រាំ ពេញមួយយប់អំពីអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបើកច្រកសមុទ្រហ័រមូស​ និងការចរចានាពេលខាងមុខលើកិច្ចព្រមព្រៀងចុងក្រោយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

នៅក្នុងនោះដែរលោក ដូណាល់​ ត្រាំ ក៏បាន “បញ្ជាក់ជាថ្មីអំពីសិទ្ធិរបស់អ៊ីស្រាអែល​ ក្នុងការការពារខ្លួនពីការគំរាមកំហែងនៅគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top