ព័ត៌មានអន្តរជាតិ

លោក Lavrov បានជូនដំណឹងជាមុន ទៅកាន់លោក Rubio អំពីផែនការវាយប្រហារ របស់រុស្សីលើទីតាំងហេដ្ឋារចនាសម្ព័ន្ធ របស់ទីក្រុងគៀវ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជូនដំណឹង ដល់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី កំពុងបើកការវាយប្រហារ ជាប្រព័ន្ធ ទៅលើទីតាំងនានាក្នុងទីក្រុងគៀវ ដែលប្រើប្រាស់ដោយយោធាអ៊ុយក្រែន។

យោងតាមការបញ្ជាក់ដោយក្រសួង លោក Lavrov បានបញ្ជូនសារតាមការណែនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅលើទឹកដីរុស្ស៊ីនាពេលកន្លងមក។

លោក Lavrov ក៏បានកត់សម្គាល់ផងដែរ នូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមុននេះ ដោយបានផ្តល់អនុសាសន៍ថា សហរដ្ឋអាមេរិក រួមជាមួយនឹងបេសកកម្មការទូតបរទេស ធានាការជម្លៀសបុគ្គលិកការទូត និងពលរដ្ឋផ្សេងទៀតចេញពីរដ្ឋធានីអ៊ុយក្រែន។

ក្រសួងបាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើគំនិតផ្តួចផ្តើមការទូតទាក់ទងនឹងច្រកសមុទ្រ Hormuz និងស្ថានភាពជុំវិញប្រទេសគុយបាផងដែរ ។

លោកLavrov និង លោក Rubio ក៏បានបញ្ជាក់សារជាថ្មី អំពីចេតនារបស់ពួកគេក្នុងការបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រតិបត្តិការ របស់កងកម្លាំងអាមេរិក មានលក្ខណៈធម្មតាផងដែរ ព្រមទាំងនិងបេសកកម្មការទូតរបស់រុស្ស៊ី នៅលើទឹកដីរបស់គ្នាទៅវិញទៅមក ទោះបីជាមានការខ្វែងគំនិតគ្នា ក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top