ផលិតកម្មរថយន្ត របស់ប្រទេសថៃ ធ្លាក់ចុះ ០,៤៤ ភាគរយ នៅក្នុងខែមេសា
បាងកក៖ ផលិតកម្មរថយន្តរបស់ប្រទេសថៃ បានធ្លាក់ចុះ ០,៤៤ ភាគរយធៀប នឹងឆ្នាំមុននៅក្នុងខែមេសា ដោយសារតម្រូវការក្នុងស្រុកចុះខ្សោយ បានជះឥទ្ធិពលដល់ទិន្នផល ចំពេលមានការរំខានដល់ការដឹកជញ្ជូន ទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមទិន្នន័យ ពីសហព័ន្ធឧស្សាហកម្មថៃ (FTI) នៅថ្ងៃចន្ទ។
ក្រុមហ៊ុនផលិតរថយន្ត បានផលិតរថយន្តចំនួន ១០៣.៧៩៤ គ្រឿងនៅក្នុងប្រទេសថៃ កាលពីខែមុន នេះបើយោងតាម FTI។ ការធ្លាក់ចុះនេះភាគច្រើនត្រូវបានជំរុញដោយការធ្លាក់ចុះ ១,៧០ ភាគរយនៃទិន្នផលសម្រាប់ទីផ្សារក្នុងស្រុក ខណៈដែលទិន្នផលរួម នៃរថយន្តដឹកអ្នកដំណើរ ទាំងរថយន្តដើរដោយប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី បានធ្លាក់ចុះ ១៦,៧៧ ភាគរយនៅ ក្នុងខែមេសា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអ្នក នាំពាក្យក្លឹបឧស្សាហកម្មរថយន្ត FTI លោក Surapong Paisitpattanapong។
លោក Surapong បានប្រាប់សន្និសីទសារព័ត៌មានមួយថា សម្រាប់រយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦ ការផលិតរថយន្តបានកើនឡើង ៤ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៤៧៣.៥៤៥ គ្រឿង ដោយសារតែការពង្រីកយ៉ាងខ្លាំងនៃរថយន្តអគ្គិសនីអាគុយសុទ្ធ និងរថយន្តអគ្គិសនីកូនកាត់ (EVs)។
លោក Surapong បានលើកឡើងថា ការលក់រថយន្តក្នុងស្រុកបានកើនឡើង ២,៥៤ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៤៨,៣៩៤ គ្រឿងក្នុងខែមេសា ដែលឆ្លុះបញ្ចាំងពីការ ដឹកជញ្ជូនរថយន្តអគ្គិសនី ដែលមានចំនួនជាងពាក់ កណ្តាលនៃការកក់សរុបក្នុងអំឡុង ពេលពិព័រណ៍រថយន្តអន្តរជាតិបាងកកថ្មីៗនេះ ចំពេលមានការកើនឡើងយ៉ាងខ្លាំង នៃតម្លៃប្រេងឥន្ធនៈដែលទាក់ទងនឹងការរំខាននៅក្នុងច្រកសមុទ្រហ័រមូស។
លោកបានកត់សម្គាល់ថា ការនាំចេញរថយន្តដែលផលិតរួច របស់ប្រទេសអាស៊ីអាគ្នេយ៍នេះបានធ្លាក់ចុះ ៨,៤៣ ភាគរយធៀបនឹងឆ្នាំមុន មកត្រឹម ៦០,១៩០ គ្រឿង ក្នុងខែមេសា ដោយសារជម្លោះមជ្ឈិមបូព៌ាបានកាត់ បន្ថយការដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងតំបន់ ៩១,៧៦ ភាគរយធៀបនឹងឆ្នាំមុន៕
