អ៊ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទចារកម្មឱ្យអ៊ីស្រាអែល
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃប្រព័ន្ធតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទចារកម្ម និងកិច្ចសហប្រតិបត្តិការចារកម្មជាមួយអ៊ីស្រាអែល។
ដោយកំណត់អត្តសញ្ញាណបុគ្គលនោះថា មានឈមោញ Gholamreza Khani-Shekarab របាយការណ៍នេះបានឧ្យដឹងថា រូបគេត្រូវបានព្យួរកបន្ទាប់ពីដំណើរការតុលាការ និងការរក្សាការកាត់ទោសប្រហារជីវិតដោយតុលាការកំពូលអ៊ីរ៉ង់។
ប្រភពបានបន្ថែមថា ជនជាប់ចោទរូបនេះគឺជា “មេខ្លោងប្រតិបត្តិការ” នៃទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad នៅខាងក្រៅអ៊ីរ៉ង់ ដែលមានភារកិច្ចជ្រើសរើស និងជួលបុគ្គលនៅក្នុងប្រទេស ដើម្បីអនុវត្តសកម្មភាពប្រឆាំងសន្តិសុខ។ អ្នកទោសរូបនេះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងចារកម្មនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានល្បួងឱ្យចូលទៅក្នុងប្រទេសក្នុងប្រតិបត្តិការដ៏ស្មុគស្មាញមួយ។
យោងតាមទីភ្នាក់ងារ Mizan ដំណាក់កាលនៃការជ្រើសរើស និងណែនាំ Khani-Shekarab បានកើតឡើងនៅបរទេស ហើយរូបគេត្រូវបានជួលដោយ Mossad ដោយមានចំណេះដឹងពេញលេញ។
របាយការណ៍នេះបានរាយបញ្ជីសកម្មភាពមួយចំនួន ដែលបានអនុវត្តដោយជនល្មើសក្រោមបញ្ជារបស់ Mossad ដូចជាការជះទឹកអាស៊ីត ទៅលើរថយន្តរបស់បុគ្គលគោលដៅ ការបំផ្លាញ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ការធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ ការរៀបចំ និងបញ្ជូនគ្រាប់បែក ទៅកាន់រដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ដើម្បីបង្កឱ្យមានការផ្ទុះ និងអសន្តិសុខនៅកន្លែងផ្សេងៗគ្នា និងការផ្ញើរូបភាព នៃទីតាំងជាក់លាក់ទៅមន្ត្រី Mossad ជាដេីម៕
ប្រែសម្រួល ឈូក បូរ៉ា
