រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ទៅទស្សនកិច្ចដ៏កម្រ ទៅកាន់ប្រទេសកូរ៉េខាងជើង
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជួបជាមួយសមភាគីកូរ៉េខាងជើង លោក Choe Son Hui កាលពីថ្ងៃអង្គារ នៅទីក្រុងព្យុងយ៉ាង ហើយបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយនៅថ្ងៃពុធដោយមិនបានពន្យល់លម្អិតថា លោក Balakrishnan និងលោក Choe ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចការតំបន់ និងពិភពលោកផងដែរ ។
លោក Balakrishnan ត្រូវបានគេរំពឹងថា នឹងទៅទស្សនកិច្ចកូរ៉េខាងត្បូងបន្តទៀត បន្ទាប់ពីការឈប់នៅកូរ៉េខាងជើង ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសកូរ៉េទាំងពីរដោយបេសកជនសិង្ហបុរី។
លោក Balakrishnan គឺជាសមាជិកគណៈរដ្ឋមន្ត្រីនៅសិង្ហបុរី នៅពេលដែលប្រទេសនេះ បានរៀបចំកិច្ចប្រជុំកំពូល លើកដំបូងរវាងមេដឹកនាំ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨៕
ប្រែសម្រួលៈ ណៃ តុលា
