ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ នៃ​អង្គការ​សហប្រតិបត្តិការ ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ​(APEC) ត្រួស​ត្រាយ​លំហថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ច​អា​ស៊ី-ប៉ាស៊ីហ្វិក​

ចេញផ្សាយ ​«សេចក្តីថ្លែងការណ៍រួម​ទីក្រុង Suzhou​នៃកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ នៃ​អង្គការ​សហប្រតិបត្តិការ ​សេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​(APEC) ឆ្នាំ២០២៦»(​ហៅកាត់ថា«សេច​ក្តី​ថ្លែង​ការណ៍ក្រុង​ Suzhou​») ​អនុម័តលើ​ផែនទី​ចង្អុលបង្ហាញផ្លូវ​សេវាកម្ម​​ជុំថ្មី ។ ល។​ កាលពី​ថ្ងៃ​ទី២៣​ខែឧសភា ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​អា​ស៊ី​-ប៉ាស៊ីហ្វិក​(APEC)​ឆ្នាំ២០២៦​បាន​បិទបញ្ចប់នៅ​ទីក្រុង Suzhou ​ខេត្ត Jiangsu ។ ​ភាគី​នា​នា​បាន​ឈានដល់​លទ្ធផល​ជាក់ស្តែង​”១+១”​ដែលបាន​រួមចំណែកជា​សមិទ្ធផលផ្នែក​​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម ​ដ៏សំខាន់​សម្រាប់​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​អង្គការ ​APEC ​ដែល​នឹង​បើកធ្វើ​នៅចុងឆ្នាំនេះ ។ ​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ដែល​ចូលរួម​កិច្ចប្រជុំលើកនេះ​ បាន​សម្គា​ល់​ឃើញថា ​ការដែលចិនធ្វើ​ជាម្ចាស់ផ្ទះ នៃ​កិច្ច​ប្រជុំ​អង្គការ​ APEC ​បានផ្តល់​កាលា​នុ​វត្ត​ភាព​ដ៏​សំខាន់​សម្រាប់​ភាគីនានា​​ធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ខាង​ពាណិជ្ជកម្ម​និង​វិនិយោគ ។

ឆ្នាំនេះ​ជាខួប​ទី៣៥នៃ​ការចូលជាសមាជិក​នៃ​អង្គការ ​APEC ​របស់ចិន ​ហើយក៏ជា​លើកទី​៣​ដែលចិន​ធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ច​​ប្រជុំ​អង្គការ ​APEC ​ផងដែរ ។ ​ក្នុងនាមជា​រដ្ឋសមាជិក​ដ៏​សំខា​ន់​នៃ​មហាគ្រួសារ​អាស៊ី-ប៉ាស៊ីហ្វិក​ ចិនបាន​ចូលរួមយ៉ាង​សកម្មនិង​​ស៊ីជម្រៅក្នុង​កិច្ច​សហ​ប្រ​តិ​បត្តិការ​លើ​គ្រប់វិស័យ​នៃអង្គការ APEC ។

​ក្នុងកិច្ចប្រជុំ​ក្រៅផ្លូវការ​លើកទី៣២នៃ​​ថ្នាក់ដឹកនាំ​អង្គការ ​APEC ​ដែលបាន​បើកធ្វើ​កាល​ពី​ខែតុលា​ឆ្នាំមុន ​លោក Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​គូសបញ្ជាក់ថា ​ត្រូវប្រកាន់ខ្ជាប់​​ការ​ចែ​ក​រំលែក​ឱកាស​និងសម្រេច​បាននូវ​​ភាព​ឈ្នះ-ឈ្នះ​ក្នុងការអភិវឌ្ឍ​និង​បើកទូលាយ ​ជំរុញ​សក​ល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​ផ្តល់​ផលប្រយោជន៍​ជាទូទៅ​និង​ប្រកប​ដោយ​បរិយាប័ន្ន​ដើ​ម្បី​កសាង​សហគមន៍​រួមវាសនា​អាស៊ី-ប៉ាស៊ីហ្វិក​ ។ ​នៅ​”ឆ្នាំចិន”នៃ​អង្គការ ​APEC ​ឆ្នាំនេះ​ ចិន​បានកំណត់​វិស័យជា​អាទិភាព​ចំនួនបីគឺ​ “ការ​បើកទូលាយ​ នវានុវត្តន៍​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​”​ ។​ ក្នុងអំឡុងពេល​ធ្វើកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​អង្គការ ​APEC ​លើកនេះ ​​លោ​ក​ He ​lifeng ​សមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​​កុម្មុយ​នី​ស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្ត្រី​នៃក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​បាន​លើកឡើងថា ​​​នឹង​ចាត់​ទុក​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី-ប៉ាស៊ីហ្វិក​​ជាគោលដៅ​វែងឆ្ងាយ​ ​ជំរុញ​យ៉ាងប្រាកដ​ប្រជានិង​ប្រកប​ដោយ​ភាព​រស់​រវើក​​នូវ​ដំ​ណើ​រ​ការ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់​ ។ ​ត្រូវ​ប្រកាន់​ខ្ជាប់​ការគាំពារ​​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី​និងគាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ឱ្យ​ធ្វើកំណែទម្រង់​ដោយ​​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង ​។ ត្រូវបង្កើន​ការផ្លា​ស់ប្តូរ​និង​កិច្ច​សន្ទ​នា​ក្នុងវិស័យ​ងើបឡើង​ថ្មី​ ​ដើម្បី​ឆ្លើយតបនឹង​បញ្ហាប្រឈមថ្មីៗ​តាមរយៈ​កិច្ច​សហប្រ​តិប​ត្តិ​ការប្រកប​ដោយ​ការ​​ច្នៃប្រឌិតថ្មី ។

អង្គការ APEC ​បានបង្ហាញ​យ៉ាងច្បាស់នូវ​ទិសដៅនៃ​ការអភិវឌ្ឍ​ប្រកបដោយការ​ច្នៃ​ប្រឌិត​ថ្មី​ ​ដែលមាន​ភាព​ស៊ី​សង្វាក់​គ្នា​ជា​មួយ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដែល​ជំរុញ​ដោយការ​ច្នៃ​ប្រឌិត​ថ្មី​​របស់​ចិន ​។ ​នៅឆ្នាំ២០២៥ ​តម្លៃបន្ថែមនៃ​​ឧស្សាហកម្មជា​ស្នូល​ខាងសេដ្ឋកិច្ច​ឌីជីថល​របស់​ចិន​​​ត្រូវជា​លើសពី​១០,៥ភាគរយនៃ​បរិមាណ​សរុបនៃ​ GDP ​ហើយទំហំនៃ​ឧស្សាហកម្ម​​ជា​ស្នូល​នៃ​បញ្ញាសិប្បនិម្មិត​មាន​ចំនួន​លើសពី​១,២​ទ្រីលាន​យាន់ប្រាក់ចិន​ ។ ​ឧត្ត​ភាព​អភិ​វឌ្ឍ​ន៍​ទាំងនេះ​បាននាំមក​នូវកាលានុវត្តភាព​​ដល់​រដ្ឋសមាជិកនៃ​អង្គការ APEC ។

សូមក្រឡេកមើល​សមិទ្ធផល​ជានិមិត្តសញ្ញា​​មួយទៀត​នៃកិច្ចប្រជុំ​លើកនេះ​គឺ”ផែនទី​ចង្អុល​បង្ហាញផ្លូវ​ឧស្សាហកម្ម​​សេវាកម្ម​ដែល​ប្រកបដោយ​នវានុវត្តន៍​ កម្លាំង​ប្រកួតប្រជែង​និង​ភាព​ធន់​របស់អង្គការ​ ​APEC”។ ​ភាគីនានា​បានឯកភាពគ្នា​ផ្តោតសំខាន់លើ​​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ក្នុងវិស័យ​សំខាន់ៗ​ចំនួន៨ ​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី​​និងកែទម្រង់​ជា​បន្ត​បន្ទាប់​នៃ​គោល​ន​យោ​បាយ​ពាក់ព័ន្ធនឹង​ឧស្សាហកម្ម​សេវាកម្ម​​ ហើយ​រួមគ្នា​កសាង​បរិយាកាស​ផ្នែក​ប្រព័ន្ធ​​របប​នៃ​ពាណិជ្ជកម្មនិង​ការវិនិយោគខាង​សេវាកម្មដែល​ប្រកបដោយ​ភាពបើកទូលាយ​និង​អាច​រំពឹង​ទុកបាន ​។ ​ផែនទីចង្អុល​បង្ហាញផ្លូវ​ជុំថ្មីនេះ​បានពិពណ៌នា​អំពីផែនការ​​អភិវឌ្ឍន៍​ខាង​វិស័​យ​ឧស្សាហកម្ម​​សេវាកម្ម​​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិកក្នុង​​រយៈពេល ​១០ ឆ្នាំ​ខាងមុខ ​ដែលនឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​សេវាកម្ម​ក្លាយជា​កម្លាំងដ៏សំខាន់​​ក្នុងការជំរុញ​បន្ថែម​ទៀត​នូវ​កំណើ​ន​សេដ្ឋ​កិច្ច​និង​ឱកាស​ការងារនៃ​អង្គការ APEC ។
ក្នុង”ឆ្នាំចិន”នៃ​អង្គការ ​APEC ​ភាគីចិននឹង​ចែករំលែក​ឱកាស​និងសម្រេច​បាន​នូវ​​ភាព​ឈ្នះ​-ឈ្នះ​ជាមួយអង្គភាព​សេដ្ឋកិច្ច​នីមួយៗ​នៃ​​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ក្នុង​ការអភិវឌ្ឍ​និង​បើក​ទូ​លាយ​ ដើម្បី​បង្កើតមូលដ្ឋានគ្រឹះ​ដ៏រឹងមាំសម្រាប់​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​​ថ្នាក់ដឹកនាំ​អង្គ​ការ​ AP​EC​ ដែលនឹង​​បើកធ្វើ​នៅ​ក្រុង Shenzhen​ នៅចុង​ឆ្នាំនេះ​ ក៏​ដូចជា​បំពេញបន្ថែម​កម្លាំង​ចល​ករ​ប្រកបដោយចីរភាព​ដល់ការកសាង​សហគមន៍​រួមវាសនា​​អាស៊ី-ប៉ាស៊ីហ្វិក ។ ​ការពិតបាន​បញ្ជា​ក់​ថា ​ជានិច្ចកាល​ ចិនតែងតែជា​”ថ្មគ្រឹះនៃភាព​ប្រាកដប្រជា”​និងជា”កំពង់ផែ​នៃ​ស្ថិរ​ភា​ព”​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ៕

To Top