ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ខិតខំចារទំព័រថ្មី នៃការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ តាមរយៈឥរិយាបថ ឆ្ពោះទៅរកភាពថ្មី

ក្នុងបរិបទ​បច្ចុប្បន្ន​ដែល​បម្រែបម្រួលនិម្មាបនកម្មពុំធ្លាប់មានក្នុងរយៈពេល ​១ ​រយ​ឆ្នាំ មាន​សភាព​កាន់តែខ្លាំងឡើងៗ​និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា​ត្រូវ​បាន​ជំរុញយ៉ាងលឿន ​តើ​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​ក្តាប់ជាប់និន្នាការថ្មី​តាម​របៀបណា ​? ​តើ​កិច្ចសហប្រតិ​បត្តិការ​ខាង​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​សកល​នឹង​ឆ្ពោះទៅរក​នវានុវត្តន៍​តាម​របៀប​ណា ​?

នា​ពេល​ថ្មីៗ​កន្លងទៅ​នេះ ​នៅក្នុងកិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ជំរុញ​​ពាណិជ្ជកម្ម​និង​វិនិយោគ​សកល​ឆ្នាំ ​២០២៦ ​ដែល​បាន​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​ជាង ​៨០០ ​រូប​ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន ​៥១ ​បា​ន​ជួប​ជុំ​គ្នា​ដើម្បី​រួមគ្នា​ពិគ្រោះពិភាក្សា​អំពី​កាលានុវត្តភាព​ថ្មី​របស់​ចិន​ក្នុងការផ្តល់​ផល​ប្រយោជន៍​ដល់គ្នាទៅវិញទៅមក​និងឈ្នះ-ឈ្នះ​ជុំវិញ​ក្រោមប្រធានបទ​”ឆ្ពោះទៅរកភាពថ្មី​និង​ត​ភ្ជាប់​អនាគត ​”។

លោកស្រី ​Yolanda ​Díaz ​Pérez ​ឧបនាយករដ្ឋមន្ត្រី​ទីពីរ​របស់​អេស្ប៉ាញ​បានលើកឡើង​ក្នុង​ពិធី​បើក​ថា ​ប្រទេសចិន​បាន​នាំមុខគេ​ក្នុងវិស័យ​ថាមពល ​PV ​រថយន្តអគ្គិសនី ​និង​មនុស្ស​យន្ត ​។ ​សហភាពអឺរ៉ុប​និង​ប្រទេសចិន​គួរ​បន្ត​ពួតដៃគ្នា​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​សំ​ខាន់ៗ​ជា​សកល ​បង្កើន​កិច្ចសហប្រតិបត្តិការ ជាក់ស្តែងដ៏មេត្រីភាព​តាមរយៈ​កិច្ច​សន្ទនា​និង​ការ​ពិគ្រោះ​ពិភាក្សា ​ដើម្បី​សម្រេចបាន​នូវ​ពាណិជ្ជកម្មទ្វេភាគី​ដែល​កាន់តែ​មាន​តុល្យភាព​និង​កាន់​តែ​មាន​និរន្តរភាព ។

លោក ​Stephen ​Jackson ​អ្នកសម្របសម្រួល​នៃអង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រ​ទេស​ចិន​បានថ្លែងថា ​ទំហំទីផ្សារដ៏ធំធេង ​ប្រព័ន្ធឧស្សាហកម្ម​ដ៏​ល្អពេញលេញ​និង​កម្លាំង​ជាក់​ស្តែង​ផ្នែក​នវានុវត្តន៍​ឌីជីថល​ដែល​ឈានមុខគេ​របស់​ប្រទេសចិន​ព្រមទាំង​កិច្ចសហ​ប្រតិបត្តិការ​ដែល​មានភាពកាន់តែជិតស្និទ្ធ​ជាមួយ​ប្រទេសកំពុងអភិវឌ្ឍន៍​បាន​បន្ត​បង្កើត​ការលានុវត្ត​ភាព​អភិវឌ្ឍន៍​ដ៏ទូលំទូលាយ​សម្រាប់​ការអភិវឌ្ឍរួមជាសកល ​។

ពាណិជ្ជកម្មសេវាកម្ម​គឺជា​ផ្នែកដ៏សំខាន់​នៃ​ពាណិជ្ជកម្មសកល​និងជា​វិស័យដ៏សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មអន្តរជាតិ ​។ ​ការបើកទូលាយចំពោះ​អន្តរជាតិ​ជុំថ្មី​របស់ប្រទេសចិន​បាន​ពន្លឿន​ការឆ្ពោះទៅរក​ឧស្សាហកម្ម​សេវា​កម្ម ​។

លោក ​Craig ​Allen ​អតីត​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរវាងអាមេរិក​និងចិន​ទូទាំង​សហរដ្ឋ​អាមេរិក​និងជា​ទីប្រឹក្សាជាន់ខ្ពស់​នៃក្រុមហ៊ុន ​Cohen ​របស់អាមេរិក​បានថ្លែងថា ​ទី​ផ្សារ​ក្នុងស្រុក​ដ៏ខ្លាំងក្លា​និង​សក្តានុពលនៃតម្រូវការក្នុងស្រុក​របស់​ចិន​ដែល​ត្រូវបាន​បញ្ចេញ​ជា​បន្ត​បន្ទាប់​មិនត្រឹមតែ​ពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច​របស់​ចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​ពាក់​ព័ន្ធ​ដល់​ភាពរឹងមាំ​នៃ​ប្រព័ន្ធពាណិជ្ជកម្មសកល​ផងដែរ ​។ ​បច្ចុប្បន្ន​នេះ ​អ្នក​ប្រើ​ប្រាស់​របស់​ចិន​រំពឹងទុក​ថា ​នឹង​ទទួលបាន​ផលិតផល​ដែល​ប្រកបដោយ​គុណភាព​កាន់​តែ​ខ្ពស់​និង​សេវាកម្មក​ដែល​ប្រកបដោយ​កម្រិត​កាន់តែ​ខ្ពស់ ​នេះ​បាន​នាំមក​នូវ​កាលានុវត្តភាព​អភិ​វឌ្ឍន៍​ដ៏​ទូលំ​ទូលាយ​សម្រាប់​សហគ្រាស​ពាហុជាតិ​ទូទាំង​ពិភពលោក ​។

សម្លឹងមើលទៅកាន់​មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មសកល ​ក្នុងអំឡុងពេលកិច្ច​ប្រជុំ​កំពូល​នេះ​ក៏​បាន​ប្រកាសពី«គំនិតផ្តួចផ្តើមទីក្រុងប៉េកាំង​នៃកិច្ចប្រជុំកំពូល​ស្តីពី​ការ​ជំរុញ​ពាណិ​ជ្ជកម្ម​និង​ការវិនិយោគសកល ​ឆ្នាំ២០២៦ ​»ផងដែរ ​ដែល​បូក​រួម​ទាំង​៖​ពូនជ្រំ​កម្លាំង​ផលិត​កម្ម​គុណភាពថ្មី​ដើម្បី​ពង្រីកចន្លោះអភិវឌ្ឍន៍ថ្មី​សម្រាប់​កំណើនសេដ្ឋកិច្ចសកល​។ ​ជំរុញ​ការបើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ខ្សែសង្វាក់ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដើម្បី​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ឧស្សាហកម្មសកល​ដែល​ប្រកបដោយ​សុវត្ថិភាព ​ស្ថិរភាព ​ភាពរលូន​និងប្រសិទ្ធភាពខ្ពស់ ​។ ​ផ្តល់កម្លាំងចលករ​ដល់​កិច្ចសហ​ប្រតិបត្តិ​ការ​ផ្នែក​សេដ្ឋ​កិច្ចនិងពាណិជ្ជកម្ម​តាមរយៈបញ្ញាសិប្បនិម្មិត​ដើម្បី​រួមគ្នា​កសាង​ប្រព័ន្ធ​អេកូ​ឡូស៊ី​បែប​ថ្មី​សម្រាប់​ការអភិវឌ្ឍឌីជីថលនិងឆ្លាតវៃ ​។​ជំរុញ​ភាពបន្ស៊ីគ្នា​យ៉ាង​ស៊ី​ជម្រៅ​រវាង​ឧស្សាហកម្ម​សេវាកម្ម​និង​ឧស្សាហកម្មកម្មន្តសាល​ដើម្បី​ដឹកនាំ​ការលើក​កម្ពស់​គុណភាព​និង​លំដាប់​ថ្នាក់​នៃ​ប្រព័ន្ធ​ឧស្សាហកម្មសកល ​។ ​ធ្វើឱ្យស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​នៃ​មជ្ឈដ្ឋានឧស្សាហកម្ម​និង​ពាណិជ្ជកម្មសកល​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សកល​ជា​និរន្តរភាព ​។
លោក ​Ren ​Hongbin ​ប្រធានក្រុមប្រឹក្សាចិន​សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ​បាន​ថ្លែង​ថា ​ក្រុមប្រឹក្សាចិន​សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ​នឹងបន្ត​ពង្រីក​តួនាទី​របស់ខ្លួន ​ដើម្បី​បង្កើត​ជា​វេទិកាសម្រាប់​ជំរុញ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​កាន់តែច្រើន​ដែល​ប្រកប​ដោយ​ភា​ព​ជាក់​ស្តែង​និង​មានប្រសិទ្ធភាព ​ពង្រីក​ក្រុមមិត្តភក្តិ​លើ​ឆាកអន្តរជាតិ ​ក្នុងន័យ​រួមចំណែក​ថ្មី​សម្រាប់​ជំរុញ​ការបើកទូលាយ​ចំពោះ​អន្តរជាតិ​ប្រកបដោយ​កម្រិតខ្ពស់​របស់​ប្រទេសចិន ​៕

To Top