ព័ត៌មានអន្តរជាតិ

ចិនប្រែក្លាយប្រទេសពី “រោងចក្រ” ទៅជា “បន្ទប់ទទួលភ្ញៀវ” ៖ សារៈសំខាន់​នៃការទូតប្រមុខ​រដ្ឋ​​ចិន​

ក្នុងប៉ុន្មានខែកន្លងមកនេះ ប្រទេសចិនបានក្លាយជាគោលដៅសំខាន់នៃទស្សនកិច្ចការទូតកម្រិតខ្ពស់របស់មេដឹកនាំពិភពលោកជាច្រើន។ ចាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន រហូតដល់មេដឹកនាំអាស៊ីកណ្តាល និងអឺរ៉ុប ចិនកំពុងបង្ហាញខ្លួនជាមជ្ឈមណ្ឌលនយោបាយការទូតពិភពលោកថ្មីមួយ។ បាតុភូតនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃ “ការទូតប្រមុខរដ្ឋ” របស់ចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping។ ការទូតបែបនេះបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដែលមានឥទ្ធិពលយ៉ាងសំខាន់ក្នុងអភិបាលកិច្ចសកល សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍរួម។
 
ការមកបំពេញទស្សនកិច្ច ជាបន្តបន្ទាប់របស់មេដឹកនាំពិភពលោកនៅចិន បានបង្ហាញពី “ទំនុកចិត្ត” របស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់ចិនក្នុងពិភពលោកដែលកំពុងប្រែប្រួល ទី១ កំណើនទំនុកចិត្តរបស់ពិភពលោកចំពោះចិន ទី២ តួនាទីចិនក្នុងអភិបាលកិច្ចសាកល ទី៣ ការពង្រីកបណ្តាញមិត្តភាពនិងពហុភាគីនិយម។
 
នៅពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាសេដ្ឋកិច្ច និងការបែងចែកប្លុកអំណាច ប្រទេសជាច្រើនកំពុងស្វែងរក “ស្ថិរភាព” និង “ភាពជឿជាក់” ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ចិនបានបង្ហាញខ្លួនថា ជាដៃគូដែលមានស្ថិរភាព និងមានសមត្ថភាពជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង និងជំនួបជាមួយលោក ស៊ី ជីនភីង ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងការរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនបានបញ្ជាក់ថា “ការទូតប្រមុខរដ្ឋ” មានតួនាទីមិនអាចជំនួសបានក្នុងការដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ការមកបំពេញទស្សនកិច្ចរបស់លោក ពូទីន ក៏បង្ហាញពីការសហការយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ីក្នុងការគាំទ្រពហុប៉ូលនិយម និងយុត្តិធម៌អន្តរជាតិ។
 
អ្វីដែលគួរឱ្យកត់សម្គាល់ គឺចិន មិនត្រឹមតែចូលរួមក្នុងប្រព័ន្ធអន្តរជាតិដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាអ្នកចូលរួម សកម្មក្នុងការកសាងរចនាសម្ព័ន្ធថ្មី សម្រាប់អភិបាលកិច្ចសកល។
ចិនបានលើកឡើងនូវគំនិតដូចជា “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” “គំនិតផ្តួចផ្តើមសន្តិសុខសកល” និង “គំនិតផ្តួចផ្តើមអភិវឌ្ឍសកល” ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ការដែលរដ្ឋមន្ត្រីការបរទេសចិន Wang Yi ត្រៀមធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បង្ហាញថាចិនកំពុងដើរតួនាទីសកម្មក្នុងកិច្ចការពហុភាគី និងការរក្សាសន្តិភាពពិភពលោក។
 
ខុសពីការបែងចែកប្លុក ឬការបង្កើតសម្ព័ន្ធភាពផ្តាច់មុខ ចិនបានអះអាងថា ខ្លួនមិនបង្កើត “រង្វង់តូច” ឬការប្រឈមមុខដាក់គ្នានោះទេ ប៉ុន្តែផ្តោតលើការកសាងបណ្តាញដៃគូជាមួយគ្រប់ប្រទេសដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។ នេះអាចមើលឃើញតាមរយៈការរក្សាទំនាក់ទំនងជាមួយទាំងសហរដ្ឋអាមេរិក រុស្ស៊ី ប្រទេសអាស៊ីកណ្តាល អាស៊ាន អឺរ៉ុប និងបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ចិនកំពុងប្រើប្រាស់ការទូតប្រមុខរដ្ឋ ដើម្បីពង្រឹងភាពជាដៃគូ និងបង្កើនការជឿទុកចិត្តគ្នា។
 
អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសចិនត្រូវបានគេស្គាល់ថាជា “រោងចក្រពិភពលោក” ដោយសារកម្លាំងផលិតកម្មដ៏ធំ។ ប៉ុន្តែសព្វថ្ងៃនេះ ចិនកំពុងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលការទូត សេដ្ឋកិច្ច និងវប្បធម៌ពិភពលោក។ ប្រទេស​ចិន​ មិនត្រឹមតែជាកន្លែងផលិតទំនិញទៀតទេ ប៉ុន្តែក្លាយជា “បន្ទប់ទទួលភ្ញៀវពិភពលោក” ដែលមេដឹកនាំអន្តរជាតិមកជួបពិភាក្សា ដោះស្រាយបញ្ហាសកល និងស្វែងរកកិច្ចសហប្រតិបត្តិការ។ ការទទួលស្វាគមន៍មេដឹកនាំពិភពលោកជាបន្តបន្ទាប់ បានបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការបង្កើតបរិយាកាសការទូតដែលមានភាពទាក់ទាញ និងមានឥទ្ធិពល។
 
ការទូតប្រមុខរដ្ឋរបស់ចិន កំពុងក្លាយជាកម្លាំងសំខាន់មួយក្នុងការកំណត់ទិសដៅនយោបាយពិភពលោក។ ការមកបំពេញទស្សនកិច្ច របស់មេដឹកនាំពិភពលោក ជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញពីឥទ្ធិពលរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការកើនឡើង នៃទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់ចិនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម។ ចិនកំពុងផ្លាស់ប្តូរពី “អ្នកចូលរួម” ក្នុងប្រព័ន្ធអន្តរជាតិ ទៅជា “អ្នករៀបចំ និងអ្នកកសាង” រចនាសម្ព័ន្ធសកលថ្មី។ ក្នុងន័យនេះ ប្រទេសចិនមិនត្រឹមតែជាមហាអំណាចសេដ្ឋកិច្ចទេ ប៉ុន្តែកំពុងក្លាយជាមជ្ឈមណ្ឌលការទូត និងអភិបាលកិច្ចសកលដ៏សំខាន់មួយសម្រាប់សតវត្សទី២១៕
 
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

To Top