បទវិភាគ៖ ពី“ចំណងមិត្តភាពដែកថែប” ដល់“កិច្ចសហប្រតិបត្តិការ ពហុវិស័យ” មិត្តភាពរវាងចិន និងស៊ែប៊ី កំពុងបោះជំហានឆ្ពោះ ទៅរកកម្រិតថ្មីទៀត ឥតឈប់ឈរ
“កិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ” “ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០ច្បាប់” “ពង្រឹងថែមមួយកម្រិតទៀត នូវមិត្តភាពដែកថែប” “បានត្រួសត្រាយផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី”។ល។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកAleksandar Vučićប្រធានាធិបតីស៊ែប៊ីនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ។ នៅថ្ងៃទី២៥ ខែឧសភា លោក Xi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vučić ភាគីទាំងពីរឯកភាពគ្នា បន្តពង្រឹងទំនាក់ទំនង ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងស៊ែប៊ីដើម្បីជំរុញ ជាបន្តបន្ទាប់នូវការកសាងសហគមន៍រួម វាសនាចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី ។ ឥស្សរជនវិភាគយល់ឃើញថា នេះបានបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិន និងស៊ែប៊ី។

ក្នុងការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសដទៃទៀត មិត្តភាពដែកថែបរវាងប្រទេសចិននិងស៊ែប៊ីគឺមានភាពលេចធ្លោបំផុត។ ស៊ែប៊ីជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ដែលបានរួមគ្នាកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីជាមួយប្រទេសចិន ហើយក៏ជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសអឺរ៉ុបដែលបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិនផងដែរ។ ឆ្នាំនេះគឺជាខួបលើកទី១០នៃការបង្កើតទំនាកទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងស៊ែប៊ី ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ។
បច្ចុប្បន្ននេះ ការជំរុញទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងស៊ែប៊ីឱ្យឡើងដល់កម្រិតថ្មីមួយ គឺមិនត្រឹមតែជាតម្រូវការ ផ្ទៃក្នុង នៃការអភិវឌ្ឍរៀងៗ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជម្រើសដ៏ចាំបាច់ នៃប្រទេសទាំងពីរក្រោម ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញផងដែរ។ ឆ្នាំនេះគឺជាការចាប់ផ្តើម នៃផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេសចិន ខណៈដែលស៊ែប៊ីក៏កំពុងជំរុញផែនការ អភិវឌ្ឍន៍ជាតិ”ស៊ែប៊ី ឆ្នាំ២០៣០”ផងដែរ។ ការពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ គឺសម្របទៅតាមឆន្ទៈប្រជាជននិងនិន្នាការជាទូទៅ។
ការគោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកVučić នៅប្រទេសចិន ភាគីទាំងពីរបានរំលឹកឡើងវិញ នូវការគាំទ្រយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមកក្នុងការគាំពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ គាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ ដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតក្រោមលេសណាមួយ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច លើកនេះ ការរៀបចំចាត់ចែងដែលជាការយកចិត្តទុកដាក់របស់មនុស្សទូទៅ គឺពិធីប្រគល់”គ្រឿងឥស្សរិយយស មិត្តភាព”ជូនដល់លោកប្រធានាធិបតីVučićនៅថ្ងៃទី២៥ខែឧសភា។ នេះមិនត្រឹមតែជាការកោតសរសើរខ្ពស់ចំពោះការរួមចំណែករបស់លោកVučićដល់មិត្តភាពចិន-ស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសទាំងពីរសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី ក៏ដូចជាធ្វើជាសក្ខីភាពនៃការកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រប្រកបដោយកម្រិតខ្ពស់រវាងចិននិងស៊ែប៊ី។
បើមើលពីទស្សនៈពិភពលោកដ៏ទូលំទូលាយ អាចឃើញថា ទាំងចិននិងស៊ែប៊ីសុទ្ធតែមានការយល់ដឹង យ៉ាងស៊ីជម្រៅអំពីការប្រកាន់ខ្ជាប់ការអភិវឌ្ឍ ដោយសន្តិភាពនិងប្រកាន់ខ្ជាប់សច្ចយុត្តិធម៌ ភាគីទាំងពីរពង្រឹងជាបន្តបន្ទាប់នូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងការអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ វាមានអំណោយផលដល់ការកែលម្អអភិបាលកិច្ចសកល។
មានសុភាសិតចិនចាស់មួយដែលថា “មិត្តយល់ចិត្តមិនគិតឆ្ងាយជិត ទោះបីនៅទីឆ្ងាយក៏ហាក់ដូចជានៅក្បែរគ្នា” ។ ស៊ែប៊ីក៏មានសុភាសិតមួយផងដែរថា “ភ្នំនិងភ្នំមិនជួបគ្នា ប៉ុន្តែមនុស្ស និងមនុស្សគួរទាក់ទងគ្នាឱ្យបានញឹកញាប់” ។ បន្ទាប់ពីឆ្លងកាត់ការពិសោធ នៃពេលវេលានិងបម្រែបម្រួលស្ថានការណ៍អន្តរជាតិ មិត្តភាព”ដែកថែប”រវាងចិន និងស៊ែប៊ីកំពុងបោះជំហានឆ្ពោះទៅរកកម្រិតថ្មីទៀតឥតឈព់ឈរ៕
