ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានការបន្ធូរបន្ថយ ជាបន្ទាន់នូវជម្លោះអ៊ុយក្រែន
យូអិន៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់ និងជាប់លាប់នៃជម្លោះអ៊ុយក្រែន។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍ លោក Guterres បានលើកឡើងថា ទិសដៅនៃជម្លោះនេះប្រឈម នឹងការហួសពីការគ្រប់គ្រង។
លោកបានព្រមានអំពីហានិភ័យនៃការគណនាខុស និងការកើនឡើងជាមួយនឹងផលវិបាកដែលមិនស្គាល់ និងមិនបានគ្រោងទុក។ លោក Guterres បានលើកឡើងថា “ចូរយើងនិយាយឱ្យច្បាស់។ ដំណើរបច្ចុប្បន្នមិនអាចស្ថិតស្ថេរបាននោះទេ គន្លងនេះត្រូវតែផ្លាស់ប្តូ”។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលជម្លោះបានផ្ទុះឡើង ជនស៊ីវិលជាង ១៥.០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ដោយមានកុមារជិត ៨០០នាក់ក្នុងចំណោមពួកគេ។ លោកបានលើកឡើងថា របាយការណ៍ពីប្រទេសរុស្ស៊ី បង្ហាញពីចំនួនជនស៊ីវិល ដែលរងរបួសកាន់តែច្រើនឡើង រួមទាំងកុមារផងដែរ។
ខ្សែត្រៀមជួរមុខស្ទើរតែកកស្ទះដោយហ្វូងយន្តហោះគ្មានមនុស្សបើក ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ លោក Guterres បានបន្ដថា ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលកំពុងត្រូវបានបំផ្លាញក្នុងទ្រង់ទ្រាយធំ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល។
លោកបានបន្ថែមថា «អ្វីដែលត្រូវការឥឡូវនេះ គឺការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងប្រកបដោយចីរភាព។ អ្វីដែលត្រូវការឥឡូវនេះគឺបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។ អ្វីដែលត្រូវការឥឡូវនេះ គឺការទូតបន្ថែមទៀត។ អ្វីដែលត្រូវការ គឺបង្កើតលក្ខខណ្ឌ សម្រាប់សន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងទូលំទូលាយ ស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ជម្រើសគឺច្បាស់លាស់ ហើយការទទួលខុសត្រូវគឺច្បាស់លាស់ ពេលវេលាសម្រាប់សន្តិភាពគឺឥឡូវនេះ»៕
ប្រែសម្រួល ឈូក បូរ៉ា
