ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា លោកនឹងសម្រេចចិត្ត លើកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ និងការទាមទារឱ្យបើក ច្រកសមុទ្រ Hormuz ឡើងវិញ

បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងសម្រេចចិត្តឲ្យ បានលឿនលើកិច្ចព្រមព្រៀង ដែលបានស្នើឡើង ដើម្បីពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ទោះបីជាប្រទេសទាំងពីរ ហាក់ដូចជានៅតែមានភាពខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗ ដែលជាចំណុចកណ្តាលនៃជម្លោះក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅ ព្រឹកថ្ងៃសុក្រថា លោកនឹងជួបគ្នានៅក្នុងបន្ទប់ស្ថានការណ៍នៅសេតវិមាន ដើម្បីធ្វើ “ការសម្រេចចិត្តចុងក្រោយ” លើសំណើនេះ ដែលនឹងពង្រីកបទឈប់បាញ់នៅដើមខែមេសា សម្រាប់រយៈពេល ៦០ថ្ងៃទៀត ដោយផ្តល់ពេលវេលាដល់អ្នកចរចាដើម្បីបង្កើត ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា កិច្ចប្រជុំនៅក្នុង បន្ទប់ស្ថានការណ៍មានរយៈពេលប្រហែលពីរម៉ោង ប៉ុន្តែមិនបាននិយាយអំពីថាតើលោក ត្រាំ បានធ្វើការ សម្រេចចិត្តឬអត់នោះទេ។

មន្ត្រីរូបនោះបាននិយាយថា “ប្រធានាធិបតី ត្រាំ នឹងធ្វើកិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិក និងបំពេញតាមខ្សែបន្ទាត់ក្រហមរបស់លោក។ អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ”។

ប្រភពព័ត៌មានជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រាប់រ៉យទ័រថា កិច្ចព្រមព្រៀងមួយគឺជិតដល់ហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏ បាននិយាយផងដែរថា អ៊ីរ៉ង់ត្រូវបញ្ចប់ការរឹតត្បិតរបស់ខ្លួន នៅលើច្រកសមុទ្រហ័រមូស និងរុះរើសមត្ថភាពរបស់ខ្លួនក្នុងការផលិតអាវុធនុយក្លេអ៊ែរ ជាលក្ខខណ្ឌពីរដែលទីក្រុង តេអេរ៉ង់មិនទាន់បានយល់ព្រម។
ប្រែសម្រួលៈ ណៃ តុលា

To Top