ព័ត៌មានអន្តរជាតិ

វៀតណាម និងថៃ ប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដ៏ខ្លី ហើយ លោក Anutin បញ្ជាក់ថា វៀតណាមជាដៃគូឈានមុខគេមួយរបស់ប្រទេសថៃ

បរទេស៖ វៀតណាម និងថៃបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចពិភាក្សា កម្រិតខ្ពស់នៅទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃចំណងការទូតចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០២៦។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា
លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅវិមានរដ្ឋាភិបាល។

ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានព្រមព្រៀងគ្នាជំរុញការតភ្ជាប់សម្រាប់កំណើនបំពេញបន្ថែម មានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីពី ២២ ពាន់លានដុល្លារអាមេរិកដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដ៏ខ្លី ធានាពាណិជ្ជកម្មដែលមានតុល្យភាព និងប្រកបដោយចីរភាព ពន្លឿននីតិវិធីផ្តល់អាជ្ញាប័ណ្ណ និងបើកទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពល។

នាយករដ្ឋមន្ត្រីថៃ លោក Anutin បានគូសបញ្ជាក់ថា វៀតណាមជាដៃគូឈានមុខគេមួយរបស់ប្រទេសថៃ និងបានលើកទឹកចិត្តដល់ការតភ្ជាប់វិស័យឯកជនឱ្យកាន់តែរឹងមាំ ដោយស្វាគមន៍ការវិនិយោគរបស់វៀតណាមកាន់តែច្រើន។

លោក Tô Lâm បានស្នើឱ្យបង្កើតក្រុមការងាររួមគ្នាមួយដើម្បីអនុវត្តយុទ្ធសាស្ត្រ Three Connections ដែលគ្របដណ្តប់លើខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់អាជីវកម្ម និងមូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកក៏បានអំពាវនាវ ឱ្យមានការពង្រឹងការតភ្ជាប់ផ្នែកដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងពង្រីកកិច្ច សហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងបៃតង នវានុវត្តន៍ និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។
ប្រែសម្រួលៈ ណៃ តុលា

To Top