តម្លៃប្រេងឡើងថ្លៃ ក្នុងពេលដែលអាមេរិក និងអ៊ីរ៉ង់វាយប្រហារគ្នា ហើយអ៊ីស្រាអែលកាន់តែរុលចូលទៅក្នុងប្រទេសលីបង់
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៣% នៅថ្ងៃចន្ទ បន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានវាយប្រហារគ្នាទៅវិញទៅមក ហើយអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពរុល ទៅមុខបន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ ក្នុងសមរភូមិរបស់ខ្លួនជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅអាមេរិកបានកើនឡើង 2.88 ដុល្លារ ឬ 3.3% ដល់ 90.24 ដុល្លារក្នុងមួយបារ៉ែល ។ តម្លៃប្រេងឆៅ Brent បានកើនឡើង 2.78 ដុល្លារ ឬ 3.05% ដល់ 93.9 ដុល្លារក្នុងមួយបារ៉ែល។
ការប្រយុទ្ធគ្នានេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់នៅថ្ងៃសុក្រ បានធ្វើឱ្យក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងប្រកាសពីការបន្តបទឈប់បាញ់របស់ពួកគេក្នុងពេលឆាប់ៗនេះ ដែលបានជំរុញឱ្យតម្លៃប្រេងឆៅ Brent និង WTI ធ្លាក់ចុះ 1.8% និង 1.7% រៀងៗខ្លួននៅថ្ងៃសុក្រ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយប្រហារការពារខ្លួនលើទីតាំងរ៉ាដា និងកន្លែងត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកនៅកោះ Goruk និងកោះ Qeshm របស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍ ក្នុងអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ទីក្រុងតេហេរ៉ង់។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមជាន់ខ្ពស់ របស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអវកាសរបស់ខ្លួន បានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសមួយ ដែលត្រូវបានប្រើក្នុងអ្វីដែលខ្លួនហៅថាការវាយប្រហារ របស់សហរដ្ឋអាមេរិកលើប៉មទូរគមនាគមន៍ នៅលើកោះស៊ីរីក។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និយាយកាលពីថ្ងៃសុក្រថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ លើកិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីពង្រីកបទឈប់បាញ់ដែលបានប្រកាសនៅដើមខែមេសា ដោយផ្តល់ពេលវេលាបន្ថែមទៀត ដល់អ្នកចរចាដើម្បីស្វែងរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងស្វែងរកដំណោះស្រាយចំពោះជម្លោះមូលដ្ឋានលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា
