មេដឹកនាំវៀតណាម និងហ្វីលីពីន ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យលើសចំនួន ១០ ពាន់លានដុល្លារអាមេរិក
បរទេស៖ នៅថ្ងៃចន្ទ វៀតណាម និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ប្រសើរឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡាំ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតី ទៅកាន់ប្រទេសហ្វីលីពីន។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបង្កើន កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងហ្វីលីពីន និងវៀតណាម ដែលជាប្រទេសពីរ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក ដើម្បីកសាងកម្លាំង និងភាពធន់របស់ប្រទេសជាតិ។
មេដឹកនាំទាំងពីរបានសម្តែងបំណងប្រាថ្នាធ្វើយ៉ាងណា ឱ្យលើសគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក និងសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្ម ដែលមានតុល្យភាព តាមរយៈការពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី ការកែលម្អការចូលទីផ្សារ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ ។
មេដឹកនាំទាំងពីរ វៀតណាម ហ្វីលីពីន បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរកម្រិតខ្ពស់បន្ថែមទៀត និងកិច្ចសហការកាន់តែច្រើនរវាងវិស័យសាធារណៈ និងឯកជនរៀងៗខ្លួន ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីវិស័យសហប្រតិបត្តិការថ្មីៗ រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការរួមបញ្ចូលឌីជីថល/ការផ្លាស់ប្តូរឌីជីថល អភិបាលកិច្ចអេឡិចត្រូនិក បច្ចេកវិទ្យាថ្មីៗ ថាមពល ការវិនិយោគទ្វេភាគីក្នុងវិស័យផលិតកម្ម សេដ្ឋកិច្ចច្នៃប្រឌិត និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង។
មេដឹកនាំទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រសហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានការរួមបញ្ចូល ភាពធន់ និងប្រកបដោយចីរភាព។
ប្រែសម្រួលៈ ណៃ តុលា
