រុស្ស៊ីចោទបារាំង និងអង់គ្លេស ពីបទធ្វើសកម្មភាពចោរសមុទ្រ ជុំវិញការរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ក្នុងដែនទឹកអន្តរជាតិ
បរទេស៖ រុស្ស៊ីបានចោទប្រកាន់ទៅលើប្រទេសបារាំង និងចក្រភពអង់គ្លេសថា បានចូលរួមក្នុងសកម្មភាពរបស់ “ចោរសមុទ្រ” បន្ទាប់ពីកងកម្លាំងកងទ័ពជើងទឹកបារាំង និងអង់គ្លេសបានស្ទាក់ចាប់ និងបង្វែរទិសដៅនាវាដឹកទំនិញមួយគ្រឿងដែលធ្វើដំណើរពី Murmansk របស់រុស្ស៊ីទៅកាន់ប្រទេសកាមេរូនក្នុងដែនទឹកអន្តរជាតិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាវាដឹកទំនិរញ Tagor ត្រូវបានបញ្ឈប់នៅថ្ងៃអាទិត្យ ចម្ងាយជាង ៤០០ ម៉ាយល៍សមុទ្រពីឆ្នេរសមុទ្រ Brittany។ អាជ្ញាធរបារាំងអះអាងថា នាវានេះកំពុងដំណើរការក្រោមទង់ “ក្លែងក្លាយ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ លោកស្រី Zakharova បាននិយាយថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៉ារីស បានទាមទារព័ត៌មានពេញលេញ ទាក់ទងនឹងកាលៈទេសៈនៃការឃុំខ្លួន ដោយព្រមានថា ប្រតិបត្តិការនេះបានរំលោភលើ ច្បាប់សមុទ្រអន្តរជាតិ។ លោកស្រីក៏បាន បញ្ជាក់ផងដែរថា ទីក្រុងមូស្គូកំពុងចាត់វិធានការដើម្បីការពារ សមាជិកនាវិករុស្ស៊ីនៅលើនាវានោះ។
អ្នកនាំពាក្យរុស្ស៊ីរូបនេះបានបដិសេធយុត្តិកម្មរបស់ប្រទេសបារាំងសម្រាប់ប្រតិបត្តិការនេះ ដែលបានលើកឡើងពីមាត្រា ១១០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ បទប្បញ្ញត្តិនេះអនុញ្ញាតឱ្យនាវាចម្បាំងឡើងលើ និងត្រួតពិនិត្យនាវានៅលើសមុទ្រក្រោមកាលៈទេសៈមានកំណត់ រួមទាំងពេលដែលនាវាមួយត្រូវបានសង្ស័យថាគ្មានសញ្ជាតិ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមទីក្រុងមូស្គូ ច្បាប់សមុទ្រអន្តរជាតិមិនអនុញ្ញាតឱ្យនាវាចម្បាំងបង្ខំនាវាឱ្យផ្លាស់ប្តូរទិសដៅ និងអមដំណើរវាពីដែនទឹកអន្តរជាតិទៅកាន់កំពង់ផែជាតិណាមួយឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
