អាមេរិក និងអ៊ីរ៉ង់ បន្តការចរចា ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា យល់ព្រមបញ្ឈប់ការវាយប្រហារ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្ត ក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា។ ការកត់សម្គាល់របស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា ខ្លួនកំពុងផ្អាកការផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ដើម្បីតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា «កិច្ចចរចាកំពុងបន្ត ក្នុងល្បឿនលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់»។ នៅក្នុងការបង្ហោះមុននេះកាលពីថ្ងៃចន្ទ លោក ត្រាំ បានឲ្យដឹងថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងជាមួយតំណាងដែលបានបញ្ជូនសារពីក្រុមហេសបូឡា ដោយអះអាងថា ភាគីទាំងពីរបានយល់ព្រមបញ្ឈប់អរិភាព។
លោក ត្រាំ បានបន្ថែមថា អ៊ីស្រាអែល នឹងមិនបញ្ជូនកងទ័ពទៅកាន់ទីក្រុងបេរូត រដ្ឋធានីនៃប្រទេសលីបង់នោះទេ ដោយពណ៌នាអំពីការហៅទូរស័ព្ទរបស់លោកជាមួយលោក ណេតាន់យ៉ាហ៊ូ ថា «មានផលិតភាពខ្ពស់»។ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកបាន Beaufort Ridge ភាគខាងត្បូងប្រទេសលីបង់ រួមទាំងប្រាសាទយុទ្ធសាស្ត្រនៅកំពូលភ្នំរបស់ខ្លួន ដែលជាតំបន់មួយដែលស្ថិតនៅហួសពី «តំបន់សន្តិសុខ» ដែលអ៊ីស្រាអែល បានរក្សាចាប់តាំងពីបទឈប់បាញ់ជាមួយលីបង់។
ចលនានេះ ដែលប្រព័ន្ធផ្សព្វផ្សាយបានហៅថា «ការឈានទៅមុខយ៉ាងជ្រៅបំផុតរបស់អ៊ីស្រាអែល ចូលទៅក្នុងប្រទេសលីបង់» ក្នុងរយៈពេលជាង ២០ ឆ្នាំ បានទាក់ទាញការថ្កោលទោសពីទូទាំងពិភពអារ៉ាប់ ក៏ដូចជាពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
