លោក ដូណាល់ ត្រាំ បញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងត្រូវសម្រេចក្នុងរយៈពេលមួយសប្តាហ៍ក្រោយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ «ក្នុងរយៈពេលមួយសប្តាហ៍ក្រោយ»។ នៅពេលសួរថា ពេលណាអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរបានចរចានឹងត្រូវបានបញ្ចប់ និងយល់ព្រម លោក ត្រាំ បានប្រាប់ ABC News ថា «ខ្ញុំគិតថា អ្នកកំពុងនិយាយអំពីក្នុងរយៈពេលមួយសប្តាហ៍ក្រោយ»។
លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនទាន់យល់ព្រមលើវានៅឡើយទេ ពីព្រោះលោកត្រូវតែ «ទទួលបានចំណុចមួយចំនួនទៀត» ដោយបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ អាច «ប្រសើរជាងជ័យជម្នះយោធា»។
ប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា «ដូច្នេះ វាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេទេ។ តាមពិតទៅ វាមិនងាយស្រួលទេ ពីទស្សនៈរបស់យើងដែរ ប៉ុន្តែយើងកំពុងទទួលបានអ្វីដែលយើងត្រូវការ»។
មុននេះបន្តិចពោលគឺនៅថ្ងៃចន្ទ លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្តក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
