សង្គ្រាមអាចបញ្ចប់ទេ បើក្រុមហេសបូឡា ទទួលយកសំណើរបស់សហរដ្ឋអាមេរិក ស្តីពីការបញ្ឈប់ ការវាយប្រហារ ទៅវិញទៅមក ជាមួយអ៊ីស្រាអែល
បេរូត៖ អាជ្ញាធរលីបង់បានបញ្ជាក់ថា ក្រុមហេសបូឡា បានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ «ការបញ្ឈប់ការវាយប្រហារទៅវិញ ទៅមក» ជាមួយអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីលីបង់ ដោយដកស្រង់សម្តីស្ថានទូតលីបង់ប្រចាំទីក្រុងវ៉ាស៊ីនតោន ប៉ុន្ដែវាមិនទាន់មានន័យថា ជាការបញ្ចប់សង្គ្រាមទាំងស្រុងនោះ គឺគ្រាន់តែជាការបន្ថយកំដៅនៃភ្លើងសង្គ្រាមតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ការបញ្ជាក់នេះបានកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទរវាងប្រធានាធិបតីលីបង់ លោក Joseph Aoun និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងអំឡុងពេលនោះ ស្ថានភាពនៅក្នុងប្រទេសលីបង់ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងត្រូវបានពិភាក្សា។
យោងតាមស្ថានទូត សំណើរបស់សហរដ្ឋអាមេរិក អំពាវនាវឱ្យមានការបញ្ឈប់ការវាយប្រហារ ទៅវិញទៅមកដោយភាគីទាំងពីរ។ ក្រោមការរៀបចំដែលបានស្នើឡើង ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត នឹងបញ្ឈប់ជាថ្នូរនឹងការដែលក្រុមហេសបូឡា មិនវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។ ក្របខ័ណ្ឌបទឈប់បាញ់ នឹងត្រូវបានពង្រីកនៅពេលក្រោយ ដើម្បីគ្របដណ្តប់លើទឹកដីលីបង់ទាំងអស់។
ស្ថានទូតបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោយមកបានជម្រាបជូនឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក គឺលោក Nada Hamadeh Mouawad ថា លោកបានធានាការយល់ព្រមពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចំពោះសំណើនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Mouawad បានបញ្ជូនលទ្ធផលទៅលោក Joseph Aoun ដែលបានជូនដំណឹងដល់ក្រុមហេសបូឡា អំពីការអភិវឌ្ឍនេះ។
ស្ថានទូតបានបន្ថែមថា កិច្ចប្រជុំចរចា ដែលគ្រោងធ្វើនៅថ្ងៃអង្គារ និងថ្ងៃពុធ ត្រូវបានគេរំពឹងថា នឹងបន្តកសាងលើវឌ្ឍនភាពដែលសម្រេចបាន។ កាលពីថ្ងៃចន្ទ លោក ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា ពួកគេបានបញ្ជាឱ្យវាយប្រហារលើតំបន់ជាយក្រុង Dahieh នៃទីក្រុងបេរូត ដែលត្រូវបានចាត់ទុកថា ជាបន្ទាយរបស់ក្រុមហេសបូឡា ចំពេលមានការបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកកើនឡើងដោយក្រុមហេសបូឡា ឆ្ពោះទៅកាន់ទីតាំងយោធាអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
