សហភាពអឺរ៉ុប ជំរុញឱ្យប្រទេសចំនួនពីរ ពន្លឿនការធ្វើកំណែទម្រង់ សម្រាប់សមាជិកភាពសហភាពអឺរ៉ុប
សារ៉ាជេវ៉ូ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានជំរុញឱ្យប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហៅកាត់ថា (BiH) ពន្លឿនកំណែ ទម្រង់សំខាន់ៗ ដែលត្រូវការសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ដោយថា ប្រទេសនេះនៅសល់ តែប៉ុន្មានជំហានទៀតប៉ុណ្ណោះ ពីការបើកការចរចាចូលជាសមាជិក ហើយគួរតែចាប់យកសន្ទុះបច្ចុប្បន្ន សម្រាប់ការពង្រីកខ្លួន។
ថ្លែងបន្ទាប់ពីការចរចាជាមួយសមាជិកនៃក្រុមប្រឹក្សា BiH នៅទីក្រុងសារ៉ាជេវ៉ូ លោក Costa បានអំពាវនាវឱ្យថ្នាក់ដឹកនាំប្រទេសនេះអនុម័តកំណែទម្រង់តុលាការដែលនៅសល់ និងតែងតាំងប្រធានអ្នកចរចា ដោយពិពណ៌នាអំពីវិធានការទាំងពីរថា មានសារៈសំខាន់សម្រាប់ការជំរុញដំណើរការចូលជាសមាជិក។ លោកក៏បានសង្កត់ធ្ងន់លើ តម្រូវការក្នុងការអនុវត្តរបៀបវារៈកំណែទម្រង់ ដែលនឹងដោះសោមូលនិធិ ក្រោមមូលនិធិកំណែទម្រង់ និងកំណើនរបស់សហភាពអឺរ៉ុប គាំទ្រដល់ការរួមបញ្ចូលសេដ្ឋកិច្ចជាមួយប្លុក និងជួយលើកកម្ពស់ស្តង់ដារជីវភាព។
លោកបានព្រមានថា ការពន្យារពេលក្នុងកិច្ចខិតខំប្រឹងប្រែងកែទម្រង់បានកើតឡើងរួចហើយ។ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា បានបាត់បង់លទ្ធភាពទទួលបានថវិកាចំនួន ១០៨ លានអឺរ៉ូ (១២៥,៦ លានដុល្លារអាមេរិក) ពីមូលនិធិរបស់សហភាពអឺរ៉ុប ខណៈដែលថវិកាបន្ថែមចំនួន ៣៧៣ លានអឺរ៉ូ (៤៣៤ លានដុល្លារអាមេរិក) អាចនឹងរងគ្រោះថ្នាក់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើវិធានការចាំបាច់មិនត្រូវបានអនុវត្ត។
ដោយបញ្ជាក់ពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះប្រទេសនេះ លោក Costa បានចង្អុលបង្ហាញពីការវិនិយោគ និងគោលនយោបាយដែលមានគោលបំណងលើកកម្ពស់វិបុលភាព និងសន្តិសុខ រួមទាំងជំនួយតាមរយៈបេសកកម្មយោធាដឹកនាំដោយសហភាពអឺរ៉ុប EUFOR Althea និងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធក្រោមមូលនិធិសន្តិភាពអឺរ៉ុប។
ប្រឆាំងនឹងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច លោក Costa បានលើកឡើងថា ការពង្រីកសហភាពអឺរ៉ុប បានក្លាយជាភាពចាំបាច់ជាយុទ្ធសាស្ត្រ និងជាឱកាសសម្រាប់អឺរ៉ុប។ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ត្រូវបានផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបនៅឆ្នាំ ២០២២ ហើយក្រុមប្រឹក្សាអឺរ៉ុប បានយល់ព្រមក្នុងខែមីនា ឆ្នាំ ២០២៤ ដើម្បីបើក ការចរចាចូលជាសមាជិក នៅពេលដែលប្រទេសនេះ បំពេញលក្ខខណ្ឌចាំបាច់៕
ប្រែសម្រួល ឈូក បូរ៉ា
