ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ផ្សាយថា កងកម្លាំង IRGC អ៊ីរ៉ង់ បានវាយប្រហារទីស្នាក់ការ កងនាវាទីប្រាំ និងមូលដ្ឋានទ័ពអាកាសអាមេរិក
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទីស្នាក់ការកណ្តាលកងនាវាទីប្រាំ របស់សហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពអាកាស និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសក្នុងតំបន់មួយ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីឆ្លើយតបទៅនឹងអ្វីដែល កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទំនាក់ទំនង មួយនៅភាគខាងត្បូងនៃកោះ Qeshm។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កងទ័ពជើងទឹក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានកំណត់គោលដៅនាវាដែលខ្លួនបានកំណត់អត្តសញ្ញាណថាជា Panaya ជាមួយនឹងមីស៊ីល ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz ជាមួយនឹងគ្រាប់ផ្លោងដែលបានបំផ្លាញបន្ទប់ម៉ាស៊ីន, នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីរបស់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបាននិយាយថា “ការរំខានដល់សន្តិសុខនៃច្រកសមុទ្រ Hormuz នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់យោធាអាមេរិក”៕
ប្រែសម្រួលៈ ណៃ តុលា
