នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូល បង្គារបស់ថៃ ៥ប្រភេទ
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានអំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូលបង្គារបស់ថៃ ចំនួនប្រាំប្រភេទជាបណ្ដោះអាសន្ន ដែលជាផ្នែកមួយ នៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើផលិតផលនេសាទថៃ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា លោក អនុទីន បានចេញសេចក្តីណែនាំនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ (ថ្ងៃទី ២ ខែមិថុនា) ហើយបានព្រមានថា ការរឹតបន្តឹងរយៈពេលយូរអាចប៉ះពាល់ដល់ជីវភាពរស់នៅ របស់អ្នកចិញ្ចឹមបង្គា អ្នកនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ អាហារសមុទ្រ កាន់តែទូលំទូលាយ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដែលដកស្រង់ ដោយវេទិកាព័ត៌មានជាតិម៉ាឡេស៊ី Bernama ថា “ប្រសិនបើបញ្ហានេះត្រូវបានអនុញ្ញាតឱ្យបន្ត វាអាចប៉ះពាល់ដល់តម្លៃបង្គានៅតាមកសិដ្ឋាន និងប្រាក់ចំណូលរបស់កសិករខ្នាតតូច”។
អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បានបន្ថែមថា លោក អនុទីន បានប្រាប់រដ្ឋមន្ត្រីផ្សេងៗនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក រួមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ ឱ្យធ្វើការពិភាក្សាជាបន្ទាន់ជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយពាណិជ្ជកម្មទ្វេភាគី ខណៈដែលការពារកសិករថៃ។
ប្រែសម្រួលៈ ណៃ តុលា
