ប្រទេសចំនួន៥ ត្រូវបានជ្រើសរើសជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
យូអិន៖ ប្រទេសអូទ្រីស កៀហ្ស៊ីស៊ីស្ថាន ព័រទុយហ្គាល់ ទ្រីនីដាដ និងតូបាហ្គោ និងហ្ស៊ីមបាវ៉េ ត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធ សម្រាប់អាណត្តិពីរឆ្នាំ។ ការបោះឆ្នោតនេះបានសម្គាល់ជាលើកដំបូងដែលប្រទេសកៀហ្ស៊ីស៊ីស្ថាន នឹងបម្រើការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ សមាជិកដែលទើបជាប់ឆ្នោតថ្មីនឹងជំនួសសមាជិកមិនអចិន្ត្រៃយ៍ដែលចាកចេញ – ដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី ហើយចូលកាន់តំណែងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ និងបម្រើការងាររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៨។
បេក្ខជនត្រូវតែទទួលបានការគាំទ្រពីពីរភាគបីនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ ដែលមានវត្តមាន និងបោះឆ្នោតនៅក្នុងសម័យប្រជុំមហាសន្និបាត ដើម្បីទទួលបានអាសនៈមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយមិនគិតពីថាតើបេក្ខភាពនេះត្រូវបានជំទាស់ឬអត់នោះទេ។ តម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងតិច ១២៩ ដើម្បីឈ្នះអាសនៈ ប្រសិនបើរដ្ឋសមាជិកទាំង ១៩៣ មានវត្តមាន និងបោះឆ្នោត។ រដ្ឋសមាជិកដែលអវត្តមានត្រូវបានចាត់ទុកថា មិនបោះឆ្នោត។
មានបេក្ខជនចំនួន ៧នាក់សម្រាប់អាសនៈទាំងប្រាំដែលមាននៅឆ្នាំនេះ។ ប្រទេសអូទ្រីស ព័រទុយហ្គាល់ ទ្រីនីដាដ និងតូបាហ្គោ និងហ្ស៊ីមបាវ៉េ ត្រូវបានជ្រើសរើសនៅក្នុងជុំទីមួយនៃការបោះឆ្នោត។ ការបោះឆ្នោតបីជុំទៀតត្រូវបានធ្វើឡើងមុនពេលប្រទេសកៀហ្ស៊ីស៊ីស្ថាន បានយកឈ្នះប្រទេសហ្វីលីពីន ក្នុងការប្រណាំងប្រជែងដ៏ចម្រូងចម្រាសមួយ។
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ រូប ដែលក្នុងនោះមាន ៥ រូបជាអចិន្ត្រៃយ៍៖ ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក។ អាសនៈមិនអចិន្ត្រៃយ៍ចំនួន ១០ របស់ក្រុមប្រឹក្សាត្រូវបានបែងចែកតាមតំបន់ភូមិសាស្ត្រ ដោយ ៥ រូបត្រូវបានជំនួសជារៀងរាល់ឆ្នាំ។
ប្រទេសដែលទើបជាប់ឆ្នោតថ្មីទាំង ៥ តំណាងឱ្យក្រុមអាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាប៊ីន និងអឺរ៉ុបខាងលិច និងក្រុមផ្សេងៗទៀត។ ក្រុមអឺរ៉ុបខាងកើត មិនប្រកួតប្រជែងនៅឆ្នាំនេះទេ ដោយសារអាសនៈរបស់ខ្លួន ដែលបច្ចុប្បន្នកាន់កាប់ដោយប្រទេសឡាតវី រហូតដល់ឆ្នាំ ២០២៧ នឹងត្រូវបោះឆ្នោតរៀងរាល់ពីរឆ្នាំម្តង៕
ប្រែសម្រួល ឈូក បូរ៉ា
