ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង និយាយថា លោក Zelensky អាចធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ គ្រប់ពេលសម្រាប់ដំណើរការសន្ទនាគ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky អាចធ្វើដំណើរមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើគាត់ចង់ជួបពិភាក្សាគ្នាជាមួយនឹងរុស្សី ។

លោកZelensky បានបោះពុម្ភលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ដែលស្នើឱ្យមានជំនួបទល់មុខជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។

លោកZelensky បានសរសេរនៅក្នុងសំបុត្រថា ៖ ប្រទេសអ៊ុយក្រែនស្នើឱ្យបញ្ចប់សង្រ្គាមនេះ តាមរយៈការចូលរួមដោយផ្ទាល់រវាងពួកយើង និងអ្នក។លោកZelensky ក៏បានអំពាវនាវ ឱ្យកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់កិច្ចប្រជុំនេះ ហើយបាននិយាយថាអ៊ុយក្រែនត្រៀមខ្លួន សម្រាប់បទឈប់បាញ់ពេញលេញសម្រាប់រយៈពេលនៃការចរចានេះផងដែរ។

លោកក៏​បាន​កត់​សម្គាល់​ថា ប្រទេស​ស្វីស តួគី និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​បាន​បង្ហាញ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ពិភាក្សា​បែប​នេះ។

យ៉ាងណាក្តីលោក Peskov បាននិយាយថា វិមានក្រឹមឡាំងបានពិនិត្យលិខិតនោះ ហើយនឹងរាយការណ៍ជូនលោក Putin បន្ទាប់ពីកិច្ចប្រជុំការងាររបស់គាត់។

លោកPeskov បាននិយាយថា ៖ ប្រធានាធិបតីPutinបាននិយាយថាប្រសិនបើលោក Zelensky ចង់និយាយគ្នាពិតមែនគាត់អាច ធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ហើយធ្វើដូច្នេះបានពេលណាក៏បាន៕

ប្រែសម្រួល៖ស៊ុនលី

To Top