ព័ត៌មានអន្តរជាតិ

​ មេដឹកនាំកំពូលរុស្ស៊ី​ និងអ៊ុយក្រែន​ អាចនឹងជួបគ្នាដោយផ្ទាល់​ តាមសំណេីរបស់សហរដ្ឋអាមេរិក​ ដេីម្បីបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ​ ត្រាំ​ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន​ ស្វាគមន៍ចំពោះការរំពឹងទុក នៃការចរចាដោយផ្ទាល់ រវាងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ដោយជំរុញឱ្យមេដឹកនាំទាំងពីរ​ ធ្វើការសម្របសម្រួល​ ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា “ខ្ញុំរីករាយដែលមេដឹកនាំទាំងពីរ​ ប្រហែលជាកំពុងនិយាយអំពីការជួបគ្នា” ជាការឆ្លើយតបទៅនឹងលិខិតចំហមួយ ដែលលោក ហ្សេឡិនស្គី បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយលោក ពូទីន។ “ខ្ញុំគិតថាវានឹងអស្ចារ្យណាស់ ប្រសិនបើអ្នកទាំងពីរជួបគ្នា។ អ្នកទាំងពីរគួរតែធ្វើវាឱ្យបានសម្រេច”។

ប្រធានាធិបតីអាមេរិក បានលេីកឡេីងថា “មេដឹកនាំទាំងពីរនឹងធ្វើការសម្របសម្រួល ខ្ញុំបានស្នើឱ្យមានការសម្របសម្រួលទាំងនោះ ហើយ​ យើងមានទំនាក់ទំនងច្រើនជាមួយមេដឹកនាំទាំងពីរ”​ ប៉ុន្ដែលោក បានបដិសេធមិនបង្ហាញពីសម្បទានអ្វី ដែលមេដឹកនាំពីរបានយល់ព្រមធ្វើដើម្បី បញ្ចប់ជម្លោះនោះទេ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ហ្សេឡិនស្គី បានអំពាវនាវដល់លោក ពូទីន ឱ្យចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់​ ដើម្បីបញ្ចប់សង្គ្រាម ដោយអះអាងថា​ ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ កំពុងប៉ះពាល់ដល់ធនធានរបស់រុស្ស៊ី និងជំហរអន្តរជាតិរបស់ខ្លួន។

លោកបានបន្ដនៅក្នុងលិខិតចំហ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនថា “អ៊ុយក្រែន​ ស្នើឱ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់ រវាងមេដឹកនាំទាំងពីរ ខ្ញុំកំពុងស្នើឱ្យមានកិច្ចប្រជុំមួយ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top