ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ ប្រកាសបេីកផ្លូវសម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកនឹងបើកចំហ​ សម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

លោក ដូណាល់​ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា​ “ខ្ញុំមិនចង់ជួបទេ​ ប៉ុន្តែប្រសិនបើខ្ញុំបានជួប ខ្ញុំនឹងមានកិត្តិយសណាស់​ ដែលបានជួបលោក ខ្ញុំចង់ឃើញថាតើយើងធ្វើកិច្ចព្រមព្រៀងឬអត់ ប៉ុន្តែប្រសិនបើយើងធ្វើកិច្ចព្រមព្រៀង វាអាចទៅរួច​ ដែលខ្ញុំនឹងជួបលោក ខ្ញុំនឹងយល់ព្រមជាមួយវា”។

លោកបន្ដថា​ “ខ្ញុំចង់និយាយថា ខ្ញុំមិនមែនជាមនុស្សដែលលោកចូលចិត្តនោះទេ ប៉ុន្តែដោយនិយាយដូច្នេះ លោកប្រហែលជាអ្នកជំនាញ​ តាមពិតទៅ​ នៅក្នុងរង្វង់ខ្លះ លោកមានកេរ្តិ៍ឈ្មោះល្អណាស់”។

នៅពេលសួរថាតើកិច្ចប្រជុំបែបនេះអាចកើតឡើងនៅសហរដ្ឋអាមេរិកឬអត់ លោក ត្រាំ បានលេីកឡេីងថា “ខ្ញុំមិនបានឮច្រើនអំពីវាទេ។ ខ្ញុំមិនបានស្នើវាទេ ប៉ុន្តែមនុស្សមួយចំនួនបានស្នើវា”។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា លោកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់​ នៅមានជីវិត ហើយកំពុង “ចូលរួមកាន់តែខ្លាំងឡើង” នៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ដែលកំពុងដំណើរការ។

លោក Rubio បានប្រាប់សមាជិកសភានៅក្នុងសវនាការព្រឹទ្ធសភាថា “ខ្ញុំគិតថាមានការចង្អុលបង្ហាញថា លោកកំពុងចូលរួមកាន់តែខ្លាំងឡើងនៅកម្រិតណាមួយ ទោះបីជាការទំនាក់ទំនងទាំងអស់របស់លោកត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ និងតាមរយៈអន្តរការីក៏ដោយ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top