ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន នឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង រយៈពេល២ថ្ងៃ ដើម្បីស្វែងរកចំណងមិត្តភាព កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង 

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកក្នុងរយៈពេលជិតប្រាំពីរឆ្នាំ ខណៈដែលទីក្រុងប៉េកាំង កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល ដាច់ដោយឡែកពីគ្នាដែលលោក Xi បានរៀបចំនៅទីក្រុងប៉េកាំងសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន។ លោក Trump ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចំនួនបីដងក្នុងអាណត្តិដំបូងរបស់លោក ពីមុនបាននិយាយថា លោកនឹងបើកចំហសម្រាប់ ការជួបជាមួយមេដឹកនាំកូរ៉េខាងជើងម្តងទៀត។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា លោក Xi នឹងទៅបំពេញទស្សនកិច្ចតាមការអញ្ជើញពីលោក Kim Jong Un ។
 
លោក Kim គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធា ដ៏ធំមួយនៅទីក្រុងប៉េកាំងកាលពីខែកញ្ញាឆ្នាំមុន ដោយធ្វើដំណើរទៅកាន់រដ្ឋធានីចិន នៅលើរថភ្លើងពាសដែកពណ៌បៃតងរបស់លោក។
 
ទីក្រុងប៉េកាំងបានខិតខំទាក់ទាញទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្លូវការតែមួយគត់របស់ខ្លួន ឱ្យត្រឡប់មកជួបជុំគ្នាវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបង្កកការផ្លាស់ប្តូរ ហើយមេដឹកនាំកូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយបញ្ជូនកងទ័ព និងអាវុធទៅគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រែសម្រួលៈ ណៃ តុលា 

To Top