វិមានក្រឹមឡាំងបញ្ជាក់ថា លោក ហ្សេឡិនស្គី អាចទៅទីក្រុងមូស្គូ សម្រាប់កិច្ចចរចានៅពេលណាក៏បាន
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អាចមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើលោកចង់ធ្វើកិច្ចចរចា។
លោក ហ្សេឡិនស្គី បានចេញផ្សាយលិខិតមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយស្នើឱ្យមានកិច្ចប្រជុំផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។
លោក ហ្សេឡិនស្គី បានសរសេរនៅក្នុងលិខិតនោះថា “អ៊ុយក្រែន ស្នើឱ្យបញ្ចប់សង្គ្រាមនេះតាមរយៈការចូលរួមដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ ខ្ញុំកំពុងស្នើឱ្យមានកិច្ចប្រជុំ”។
លោក ហ្សេឡិនស្គី ក៏បានអំពាវនាវឱ្យកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់កិច្ចប្រជុំនេះ ហើយបានលេីកឡេីងថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច សម្រាប់ការឈប់បាញ់ពេញលេញ សម្រាប់រយៈពេលនៃការចរចា។
លោកបានកត់សម្គាល់ថា ប្រទេសស្វីស តួកគី និងប្រទេសអារ៉ាប់មួយចំនួន បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាបែបនេះ។ លោក Peskov បានលេីកឡេីងថា វិមានក្រឹមឡាំងបានពិនិត្យលិខិតនោះឡើងវិញ ហើយនឹងរាយការណ៍ទៅលោក ពូទីន បន្ទាប់ពីកិច្ចប្រជុំការងាររបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា
