ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងសាងសង់នាវាពិឃាតទម្ងន់ ១០.០០០ តោន មុនពេលប្រធានាធិបតីចិន បំពេញទស្សនកិច្ច

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃសៅរ៍ថា កូរ៉េខាងជើងមានគម្រោងសាងសង់នាវាពិឃាតទម្ងន់ ១០.០០០ តោន និងអភិវឌ្ឍអាវុធក្រោមទឹកសម្ងាត់ មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ថា កាសែត Rodong Sinmun របស់កូរ៉េខាងជើង ដែលរាយការណ៍អំពីការធ្វើតេស្តកងទ័ពជើងទឹក កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន បានសរសេរថា លោក គីម ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពជើងទឹកដាក់ពង្រាយនាវាពិឃាត Kang Kon និងនាវាចម្បាំងទម្ងន់ ៥.០០០ តោនមួយទៀតគឺ Choe Hyon ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Hong Min អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយថា នេះជាលើកដំបូងហើយដែលកូរ៉េខាងជើង បានលើកឡើងពីផែនការសាងសង់ នាវាពិឃាតទម្ងន់ ១០.០០០ តោន។

លោក Hong បាននិយាយថា លោក គីម អាចនឹងកំពុងស្វែងរកការបង្ហាញពីសមត្ថភាពយោធា របស់ប្រទេសកូរ៉េខាងជើងមុនពេលដំណើរ ទស្សនកិច្ចរបស់លោក ស៊ី នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។

មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដើម្បីទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ខណៈពេលដែលអំពាវនាវឱ្យបង្កើនសមត្ថភាពយោធាដ៏មានឥទ្ធិពលលើដីគោក សមុទ្រ និងអាកាស នេះបើយោងតាមកាសែត។

To Top