DAP News
ព័ត៌មានអន្តរជាតិ

វៀតណាម និងកាណាដា ឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការ សេដ្ឋកិច្ចសម្រាប់ដំណាក់កាលថ្មី ក្នុងពេលដែលការនាំចេញ របស់វៀតណាមទៅកាន់កាណាដា មានទំហំទឹកប្រាក់ ៧,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន 

បរទេស៖ លោកស្រី Phan Thi Thắng អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក Arun Thangaraj អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការសកលលោក របស់កាណាដា បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការ សេដ្ឋកិច្ចរួមវៀតណាម-កាណាដា (JEC 3) នៅទីក្រុង Ottawa កាលពីថ្ងៃទី ៥ ខែមិថុនា។
 
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងចំណោមការប្រែប្រួលសេដ្ឋកិច្ចពិភពលោកជាប់លាប់ ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញយ៉ាងឆាប់រហ័ស និងតម្រូវការកំណើន សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពកើនឡើង ភាគីទាំងពីរវៀតណាម កាណាដា បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ គណៈកម្មាធិការសេដ្ឋកិច្ចរួមវៀតណាម-កាណាដា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូទូលំទូលាយវៀតណាម-កាណាដា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧។
 
លោកស្រី Thắng បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-កាណាដាកំពុងរីកចម្រើនក្នុងកម្រិតមួយដែលមានសុខភាពល្អ ដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃជិត ៨,៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន និងរក្សាបាននូវសន្ទុះខ្លាំងចាប់តាំងពីកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមាន។
 
ជាពិសេស ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសកាណាដាបានកើនឡើង ១៨,២ ភាគរយដល់ ៧,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបានកើនឡើងបន្ថែម ២៥ ភាគរយ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការនាំចេញរបស់ប្រទេសកាណាដា ទៅកាន់ប្រទេសវៀតណាមបានកើនឡើង ២៤ ភាគរយកាលពីឆ្នាំមុន ហើយបន្ទាប់មកបានកើនឡើង ៦២ ភាគរយធៀបនឹងឆ្នាំមុន ក្នុងអំឡុងខែមករាដល់ខែមេសា។ តួលេខទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការបំពេញបន្ថែមផ្នែកសេដ្ឋកិច្ច និងផលចំណេញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។
ប្រែសម្រួលៈ ណៃ តុលា 

To Top