ព័ត៌មានអន្តរជាតិ

Update: អ៊ីស្រាអែល នៅតែវាយប្រហារតបត ទៅលើអ៊ីរ៉ង់នៅក្នុងការវាយប្រហារថ្មី ទោះបីជាមានការព្រមានពីលោក ត្រាំ 

បរទេស៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលអ៊ីរ៉ង់នៅថ្ងៃចន្ទ ទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ក៏ដោយ ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងមុននេះ លោក ត្រាំ បាននិយាយថា ការវាយប្រហារថ្មី ដោយអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមិនប៉ះពាល់ដល់កិច្ចចរចាសន្តិភាពរបស់រដ្ឋបាលលោកជាមួយទីក្រុងតេហេរ៉ង់ទេ ដោយបន្ថែមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ «មិនមែនជាអ្នកបញ្ជា»។
 
លោក ត្រាំ បានពឹងផ្អែកលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសលីបង់ ដើម្បីអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែ ទូលំទូលាយជាមួយអ៊ីរ៉ង់ រួមទាំងការស្តីបន្ទោសលោក ណេតាន់យ៉ាហ៊ូ ដោយប្រើពាក្យអសុរោះនៅក្នុង ការសន្ទនាតាមទូរស័ព្ទកាលពីសប្តាហ៍មុន។
 
ទោះជាយ៉ាងណាក៏ដោយ មុននេះនៅថ្ងៃអាទិត្យ អ៊ីស្រាអែល បានបើកការវាយប្រហារនៅតំបន់បេរូតជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសពីផែនការឈប់បាញ់ សម្រាប់ប្រទេសលីបង់កាលពីសប្តាហ៍មុន។
 
អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែល ជាការសងសឹក ដែលធ្វើឱ្យកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិតក្នុងហានិភ័យ។ ប៉ុន្តែលោក ត្រាំ បានទទូចថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយ នៅតែស្ថិតក្នុងដៃ។
ប្រែសម្រួលៈ ណៃ តុលា 

To Top