ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានវាយប្រហារ ដ៏ធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែល ពង្រីកការវាយប្រហារ ប្រឆាំងនឹងលីបង់

តេអេរ៉ង់៖ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានព្រមានថា អ៊ីស្រាអែលនឹងប្រឈមមុខនឹង «ការវាយប្រហារដ៏ធ្ងន់ធ្ងរ និងបង្កឱ្យមានការសោកស្តាយ» បន្ថែមទៀត ប្រសិនបើខ្លួនពង្រីកការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់ និងទីក្រុង Dahieh ភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់លីបង់ ឬឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់ និងទីក្រុង Dahieh បើមិនដូច្នោះទេ ការវាយប្រហារ «ដ៏បំផ្លិចបំផ្លាញ» នឹងចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួន។

លោក Abdollahi បានលើកឡើងថា អ៊ីស្រាអែលបានបង្កើន «សកម្មភាពព្យាបាទ» របស់ខ្លួនប្រឆាំងនឹងប្រជាជនលីបង់ជារៀងរាល់ថ្ងៃ ដោយមាន «ភ្លើងខៀវ» របស់សហរដ្ឋអាមេរិក និងកង្វះការឆ្លើយតបរបស់អង្គការអន្តរជាតិ និង «កំពុងប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមដោយប្រើប្រាស់អាវុធហាមឃាត់ រួមទាំងគ្រាប់បែកផូស្វ័រ»។

លោកបានបន្ដថា បើទោះបីជាមានការព្រមានពីមុនរបស់អ៊ីរ៉ង់ក៏ដោយ ក៏អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើភាគខាងត្បូងប្រទេសលីបង់ ហើយបានកំណត់គោលដៅទៅលើទីក្រុង Dahieh ដោយឆ្លងកាត់ខ្សែបន្ទាត់ក្រហមទាំងអស់។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា កងកម្លាំងអវកាសរបស់ខ្លួនបានបាញ់មីស៊ីលបាលីស្ទីក នៅមូលដ្ឋានទ័ពអាកាស Ramat David នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹង «ឧក្រិដ្ឋកម្មដ៏រីករាលដាល» របស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងការសម្លាប់ និងការផ្លាស់ទីលំនៅរបស់ជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ស្ថាប័ន IRGC របស់អ៊ីរ៉ង់បានឲ្យដឹងថា មូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល គឺជាប្រភពនៃ «ការឈ្លានពាន» ប្រឆាំងនឹងប្រទេសលីបង់។ ប្រភពបានសង្កត់ធ្ងន់ថា ការទទួលយកបទឈប់បាញ់របស់អ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី ៨ ខែមេសា គឺមានលក្ខខណ្ឌលើបទឈប់បាញ់នៅគ្រប់ទិសទី ប៉ុន្តែដូចសព្វមួយដង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេនោះទេ ហើយបានបន្ត «ការឈ្លានពាន និងឧក្រិដ្ឋកម្ម» របស់ពួកគេនៅលីបង់ ដោយ «វាយប្រហារឆ្នេរសមុទ្រ និងនាវាអ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា»៕
ប្រែសម្រួល ឈូក បូរ៉ា

To Top