ប្រទេសឥណ្ឌូនេស៊ី ជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រភាគខាងជើង ជម្លៀសខ្លួនចេញបន្ទាប់ពីមានរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសហ្វីលីពីន
ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB) នៅថ្ងៃចន្ទនេះបានជំរុញឱ្យមានការជម្លៀសប្រជាជនទៅកាន់ទីទួលខ្ពស់នៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស ដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
BNPB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកយក្សស៊ូណាមិតូចៗត្រូវបានរកឃើញនៅស្ថានីយ៍ត្រួតពិនិត្យឆ្នេរសមុទ្រជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមានការរញ្ជួយដីជាបន្តបន្ទាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ទីភ្នាក់ងារនេះបានជំរុញឱ្យមន្ត្រីនៅក្នុងខេត្តដែលរងផលប៉ះពាល់ដូចជា ស៊ូឡាវេស៊ីខាងជើង និងហ្គោរ៉ុនតាឡូ ណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នជាបន្ទាន់ ឱ្យនៅឆ្ងាយពីឆ្នេរសមុទ្រ និងជម្លៀសទៅកាន់ទីទួលខ្ពស់តាមលំដាប់លំដោយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជននៅតំបន់ឆ្នេរសមុទ្រមួយចំនួននៃភាគឦសានប្រទេសឥណ្ឌូនេស៊ី។ ការរញ្ជួយដីនេះត្រូវបានគេដឹងនៅទូទាំងទីក្រុងនានាប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា ការរញ្ជួយដីនៅឯនាយសមុទ្រកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារលើផ្ទៃទឹកនៅភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃចន្ទ។ ជាការឆ្លើយតប ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរសមុទ្រភាគឦសានរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
