ព័ត៌មានអន្តរជាតិ

លោក Xi Jinping  ជួបសន្ទនាជាមួយលោក Kim Jong-un

ល្ងាចថ្ងៃទី ៨ ខែមិថុនានៅទីក្រុងព្យុងយ៉ាង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Kim Jong-un  អគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង។

លោក Xi Jinping បានលើកឡើងថា មានឆន្ទៈចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាស ដើម្បីជំរុញឱ្យទំនាក់ទំនងចិននិងកូរ៉េខាងជើងទទួលបានការរីកចម្រើនកាន់តែខ្លាំង និងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់និងពិភពលោក។  

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចិននិងកូរ៉េខាងជើងសុទ្ធតែជាប្រទេសសង្គមនិយមក្រោមការដឹកនាំនៃបក្សកុម្មុយនីស្ត ។ ការបន្តវេនមិត្តភាពពីជំនាន់ទៅមួយជំនាន់ ការមានជោគវាសនារួម និងការគាំទ្រជួយគ្នាទៅវិញទៅមក តែងតែជាលក្ខណៈពិសេសនៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង។  មិនថាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ការគាំទ្រដ៏មុតមាំរបស់បក្សនិងរដ្ឋចិនចំពោះបុព្វហេតុសង្គមនិយមកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការ Kim Jong-un  គ្មានការប្រែប្រួលទេ  ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់បក្សនិងរដ្ឋចិនក្នុងការគាំពារផលប្រយោជន៍រួមនិងបរិយាកាសយុទ្ធសាស្ត្រដ៏ល្អប្រសើររបស់ភាគីទាំងពីរចិននិងកូរ៉េខាងជើងគ្មានការប្រែប្រួលទេ។ ភាគីទាំងពីរគួរក្តាប់ជាប់ឱកាស ដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវរនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ ព្រមនិងសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោក Xi Jinping បានលើកឡើងសំណើ ៤ ចំណុចអំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង  មានដូចជា៖ពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តខាងនយោបាយ, លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការជាក់ស្តែង ,បន្តវេនចំណងមិត្តភាព, ប្រកាន់ខ្ជាប់សច្ចយុត្តិធម៌ បំពេញបន្ថែមខ្លឹមសារនៃការសម្របសម្រួលផ្នែកយុទ្ធសាស្ត្រ។

ជាការឆ្លើយតប លោក Kim Jong-un បានថ្លែងថា  ដំណើរទស្សនកិច្ចនៅបរទេសលើកទីមួយក្នុងឆ្នាំនេះរបស់លោកអគ្គលេខាធិការ Xi Jinping  បានមកដល់ក្រុងព្យុងយ៉ាង ។ប្រការនេះបានបញ្ជាក់ម្តងទៀតថា ទំនាក់ទំនងកូរ៉េខាងជើងនិងចិន មានភាពរឹងមាំដែលមិនអាចបំបែកគ្នាបាន សូមថ្លែងអំណរគុណដ៏ស្មោះចំពោះមតិយោបល់ដ៏សំខាន់របស់លោកអគ្គលេខាធិការ Xi Jinping ។ភាគីកូរ៉េខាងជើងនិងរួមសហការជាមួយភាគីចិន  ខំប្រឹងអនុវត្តយ៉ាងជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយ ដើម្បីជួយប្រជាជនកូរ៉េខាងជើងនិងចិនឈានទៅរកមាគ៌ាទំនើបកម្ម ។ គំនិតស្តីពីសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនិងគំនិតផ្តួចផ្តើមសកលចំនួន ៤ ដែលលើកឡើងដោយលោកអគ្គលេខាធិការ Xi Jinping  ទទួលបានការគាំទ្រនិងការកោតសរសើរពីសំណាក់ប្រជាជននៃពិភពលោក។ សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានកាលពីមុន  កូរ៉េខាងជើងនឹងគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយនិងគោលជំហរបស់ចិនពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន ៕

To Top