មនុស្សរាប់ពាន់នាក់ នៅក្នុងទីក្រុងប៊ែរឡាំងប្រមូលផ្តុំគ្នា ទាមទារឲ្យលោក Merz ចុះចេញពីតំណែងអធិកាបតី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុករជាច្រើនពាន់នាក់បានដើរតាមផ្លូវក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការលាលែង ពីតំណែងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ការប្រមូលផ្តុំនេះបានទាក់ទាញអ្នកចូលរួមមកពីទូទាំងប្រទេសអាល្លឺម៉ង់ ដែលភាគច្រើនបានធ្វើដំណើរទៅកាន់រដ្ឋធានី ក្នុងក្បួនរថយន្តដែលបានរៀបចំ។
អ្នករៀបចំបាននិយាយថា ពួកគេបានចុះឈ្មោះអ្នកចូលរួម១០០០០នាក់ ខណៈពេលដែលប៉ូលីសទីក្រុងប៊ែរឡាំងបានប៉ាន់ស្មានថា ហ្វូងមនុស្សមានប្រហែលត្រឹមតែ៤០០០នាក់ប៉ុណ្ណោះ ។
ក្រុមបាតុករបានដើរដង្ហែជាមួយនឹងទង់ជាតិអាល្លឺម៉ង់ និងកាន់បដាដែលមានពាក្យស្លោកដូចជា “មិនមែនអធិការបតីរបស់ខ្ញុំ” និង “លោកMerz ត្រូវតែចុះចេញទៅ”។អាជ្ញាធរមូលដ្ឋានបាននិយាយថា ការតវ៉ានៅតែរក្សាសន្តិភាព និងបានបញ្ចប់ដោយគ្មានឧបទ្ទវហេតុអ្វីនោះទេ។
គួរឲ្យដឹងដែរថាការប្រមូលផ្តុំគ្នានេះ ត្រូវបានរៀបចំឡើងដោយក្រុមProject M1llion ដែលនិយាយថាវាប្រមូលផ្តុំ នូវសម្ព័ន្ធភាពទូលំទូលាយនៃជនជាតិអាល្លឺម៉ង់ដែលរងផលប៉ះពាល់រួមមានកសិករ ពាណិជ្ជករ ម្ចាស់អាជីវកម្ម កម្មករដឹកជញ្ជូន កម្មករ និវត្តជន និងម្តាយ – មនុស្សទាំងអស់ដែលដឹងថាមានអ្វីមួយខុសឆ្គងនៅទីនេះ៕
ប្រែសម្រួល៖ស៊ុនលី
