ព័ត៌មានអន្តរជាតិ

EU អនុម័ត​ទណ្ឌកម្មថ្មី​​ គោលដៅ​អ៊ីរ៉ង់ និងដើម្បី​ជុំវិញ​បញ្ហា ​សន្តិសុខ​ដែនសមុទ្រ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា សហភាពអឺរ៉ុប ហៅកាត់ថាEU កាលពីថ្ងៃចន្ទបានអនុម័ត ដាក់ទណ្ឌកម្មប្រឆាំង នឹងបុគ្គល និង អង្គភាពរបស់អ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថាបានរំខាន ដល់ចរាចរណ៍ផ្លូវសមុទ្រ តាមរយៈច្រកសមុទ្រ Hormuz ។

លោកស្រីKallas បានធ្វើសេចក្តីប្រកាសនៅក្នុង សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅប្រទេស Cyprus។

លោកស្រីបាននិយាយថា សេរីភាពនៃការធ្វើនាវាចរណ៍កំពុងប្រឈមមុខនឹងសម្ពាធកើនឡើងជាសកល ជាពិសេសនៅច្រកសមុទ្រ Hormuz ជាកន្លែងដែលសកម្មភាព របស់អ៊ីរ៉ង់ និងសកម្មភាពយន្តហោះគ្មានមនុស្ស បើកបានចោទប្រកាន់ថាបានបង្កហានិភ័យដល់ការដឹកជញ្ជូនពាណិជ្ជកម្ម។

លោកស្រី​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​ បាន​ចាត់​ទុក​សកម្មភាព​បែប​នេះ​ថា​មិន​អាច​ទទួល​យក​បាននោះឡើយ។

យោងតាមការបញ្ជាក់ បន្ថែមដោយលោកស្រី Kallas ការសម្រេចចិត្តនេះគឺ ជាលើកទីមួយហើយ ដែលសហភាពអឺរ៉ុប បានដំណើរការរបបទណ្ឌកម្មថ្មី របស់ខ្លួនក្នុងគោលបំណងការពារសេរីភាព នៃការធ្វើនាវាចរណ៍។ លោកស្រីបាននិយាយថាប្លុកនឹងមិនស្ទាក់ស្ទើរក្នុង ការប្រើយន្តការម្តងទៀតប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ស៊ុនលី

To Top