រដ្ឋមន្រ្តីថាមពលឥណ្ឌាថា ឥណ្ឌា «មិនដែលត្រូវបានគេប្រាប់» កុំឲ្យទិញប្រេងពីរុស្ស៊ីនោះទេ
បរទេស៖ ប្រទេសឥណ្ឌាបានបដិសេធថា គោលនយោបាយថាមពលរបស់ខ្លួនត្រូវបានជះឥទ្ធិពលដោយសម្ពាធពីខាងក្រៅ ដោយនិយាយថា ការសម្រេចចិត្តទិញប្រេងរបស់ខ្លួន គឺផ្អែកលើផលប្រយោជន៍ជាតិ និងការគណនាតម្លៃសុទ្ធសាធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងអន្តរជាតិរបស់ប្រទេសឥណ្ឌា ដែលធ្វើឡើងនៅកម្រិតខ្ពស់បំផុត បានអនុញ្ញាតឱ្យខ្លួនធ្វើពិពិធកម្មប្រភពថាមពល និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការរំខានទូទាំងពិភពលោក ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមលោក Hardeep Singh Puri រដ្ឋមន្ត្រីប្រេងកាត និងឧស្ម័នធម្មជាតិ បានប្រាប់ CNN News18។
លោក Puri បាននិយាយថា “ប្រទេសឥណ្ឌាមិនដែលត្រូវបានគេប្រាប់មិនឱ្យទិញប្រេងរបស់រុស្ស៊ីទេ”។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់សម្ពាធយ៉ាងសកម្មដល់ប្រទេសឥណ្ឌាឱ្យកាត់បន្ថយការទិញប្រេងរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានចោទប្រទេសឥណ្ឌា និងចិនថា បានផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹង ប្រែងសង្គ្រាមរបស់រុស្ស៊ី។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើក្រុមហ៊ុន Rosneft និង Lukoil ដែលជាក្រុមហ៊ុនប្រេងរុស្ស៊ីធំជាងគេ។ សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥% លើការនាំចូលរបស់ឥណ្ឌា ជាពិសេសសម្រាប់ការទិញប្រេងរបស់រុស្ស៊ីរបស់ប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំមុន។ ពន្ធពិន័យលើប្រេងត្រូវបានលុបចោលនៅដើមឆ្នាំនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។
ប្រែសម្រួលៈ ណៃ តុលា
