ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកនិយាយថា ក្រុមហ៊ុន BYD, Baidu, Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត កំពុងជួយដល់យោធាចិន 

បរទេស៖ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនយក្ស ផ្នែកពាណិជ្ជកម្មអេឡិកត្រូនិក Alibaba , ក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកតាមអ៊ីនធឺណិត Baidu និងក្រុមហ៊ុនផលិតរថយន្ត BYD ទៅក្នុងបញ្ជីក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងជួយយោធារបស់ទីក្រុងប៉េកាំង ដែលជាចលនាមួយ ដែលអាចបង្កើនភាពតានតឹង រវាងប្រទេសទាំងពីរ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ២០២៦ថា ការធ្វើបច្ចុប្បន្នភាពដែលរង់ចាំជាយូរមកហើយនេះជំនួសបញ្ជីពីដើមឆ្នាំ ២០២៥ ហើយកើតឡើងតិចជាងមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយលោក Xi Jinping របស់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជាកន្លែងដែលមេដឹកនាំទាំងពីរបានរក្សាបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម។
 
បញ្ជីនេះ បច្ចុប្បន្នរួមបញ្ចូលទាំងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ របស់ប្រទេសចិនជាច្រើនដែលជាគន្លឹះក្នុងការជំរុញសមត្ថភាពយោធា និងឧស្សាហកម្មរបស់ទីក្រុងប៉េកាំង ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីសន្តិសុខ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងចំណោមការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា រវាងប្រទេសទាំងពីរ។
 
កាលពីខែកុម្ភៈ នៅពេលដែលដំណើរ ទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិនត្រូវបានពន្យារពេល មន្ទីរបញ្ចកោណបានបង្ហោះបញ្ជី ដែលបានធ្វើបច្ចុប្បន្នភាព រយៈពេលខ្លី ដែលគេស្គាល់ថាជាបញ្ជី 1260H ឬ CMC ប៉ុន្តែបន្ទាប់មកបានដកវាចេញយ៉ាង ឆាប់រហ័សជាមួយនឹងការពន្យល់តិចតួច។
 
កំណែថ្មីដែលចេញផ្សាយ នៅថ្ងៃចន្ទនេះ ឆ្លុះបញ្ចាំងពីបញ្ជី ដែលបានដកចេញនៅខែកុម្ភៈ លើកលែងតែការដាក់បញ្ចូល ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកំពូលៗ របស់ប្រទេសចិន គឺ CXMT និង YMTC ដែលជាក្រុមហ៊ុនពីរដែល ត្រូវបានដកចេញពីសន្ទស្សន៍ ខែកុម្ភៈរយៈពេលខ្លី ដោយសារតែការខឹងសម្បាររបស់ពួកអ្នកប្រឆាំងចិនរបស់ទីក្រុងវ៉ាស៊ីនតោន។
ប្រែសម្រួលៈ ណៃ តុលា 

To Top