ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន នៅតែត្រៀមខ្លួនរួចជាស្រេច សម្រាប់សកម្មភាពសម្រេចចិត្ត ប្រឆាំងនឹងការធ្លាក់ចុះតម្លៃប្រាក់យ៉េន

តូក្យូ៖ មន្ត្រីម្នាក់បានឲ្យដឹងថា ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ «សម្រេចចិត្ត» ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃប្រាក់យ៉េន ខណៈដែលរូបិយប័ណ្ណត្រូវបានជួញដូរក្នុងចន្លោះទាបជាង ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ជិតដល់កម្រិតមួយដែលពីមុនបានជំរុញឱ្យអាជ្ញាធរជប៉ុន បោះជំហានចូលទៅក្នុងទីផ្សាររូបិយប័ណ្ណ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Satsuki Katayama បានឲ្យដឹងថា «ដោយពិចារណាលើកាលៈទេសៈនេះ មិនមានការផ្លាស់ប្តូរទេ ចំពោះការពិតដែលថា យើងកាន់តែស្ថិតក្នុងជំហរមួយ ដើម្បីចាត់វិធានការសម្រេចចិត្ត»។

រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន បានចំណាយប្រាក់ចំនួន ១១,៧៣ ទ្រីលានយ៉េន (ប្រហែល ៧៣,២ ពាន់លានដុល្លារអាមេរិក) លើអន្តរាគមន៍ទីផ្សាររូបិយប័ណ្ណ រវាងថ្ងៃទី ២៨ ខែមេសា និងថ្ងៃទី ២៧ ខែឧសភា ឆ្នាំនេះ ដើម្បីគាំទ្ររូបិយប័ណ្ណរបស់ប្រទេសនេះ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់ដុល្លារអាមេរិក។

មុនពេលប្រតិបត្តិការ ប្រាក់យ៉េនបានធ្លាក់ចុះមកត្រឹមប្រហែល ១៦០.៧២ ធៀបនឹងប្រាក់ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ អន្តរាគមន៍ទាំងនេះបានជួយឲ្យប្រាក់យ៉េនឡើងដល់តំបន់ ១៥៥ ធៀបនឹងប្រាក់ដុល្លារនៅពេលខ្លះ ប៉ុន្តែប្រសិទ្ធភាពរបស់វាហាក់ដូចជាមានរយៈពេលខ្លី ដោយសាររូបិយប័ណ្ណនេះ ទើបតែបន្តនិន្នាការធ្លាក់ចុះរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top