ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ និងបារាំង លុបចោលគម្រោងអភិវឌ្ឈន៍ យន្តហោះចម្បាំងរួមគ្នា ដោយសារជម្លោះឧស្សាហកម្ម

ប៊ែរឡាំង៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ជាច្រើន បានរាយការណ៍ថា អាល្លឺម៉ង់ និងបារាំង អាចនឹងបញ្ឈប់ការអភិវឌ្ឍយន្តហោះចម្បាំង ដែលបានគ្រោងទុករួមគ្នា ក្រោមគម្រោងប្រព័ន្ធប្រយុទ្ធផ្លូវអាកាសនាពេលអនាគត (FCAS) ដោយលើកឡើងពីភាពខុសគ្នា ដែលមិនអាចផ្សះផ្សាគ្នាបានរវាងអ្នកម៉ៅការការពារជាតិ ដែលពាក់ព័ន្ធ។

អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសន្និដ្ឋានថា ក្រុមហ៊ុនអាកាសចរណ៍ Airbus និង Dassault មិនអាចឈាន ដល់កិច្ចព្រមព្រៀង លើការសាងសង់យន្តហោះចម្បាំងរួមគ្នាបានទេ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈអាល្លឺម៉ង់ ARD នៅលើគេហទំព័រព័ត៌មាន Tagesschau របស់ខ្លួន ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់។

យោងតាមរបាយការណ៍ លោក Merz បានប្រាប់ទៅលោក ម៉ាក្រុង កុំឱ្យបន្តការសាងសង់យន្តហោះចម្បាំងបន្ថែមទៀត។ របាយការណ៍នេះបានឲ្យដឹងថា ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងបន្តអភិវឌ្ឍ “Combat Cloud” ដែលជាបណ្តាញមួយ ដែលមានបំណងភ្ជាប់វេទិកាយោធា និងប្រព័ន្ធអាវុធ។

ប្រព័ន្ធ FCAS ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៧ ដោយលោក ម៉ាក្រុង និងអតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ត្រូវបានចាត់ទុកថា ជាគម្រោងការពារជាតិដ៏សំខាន់របស់អឺរ៉ុប ដើម្បីអភិវឌ្ឍប្រព័ន្ធប្រយុទ្ធផ្លូវអាកាសជំនាន់ក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top