ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធ ១០នាក់ ចូលវាយប្រហាររោងចក្រ ថាមពល​ជីវម៉ាសនៅខេត្ត ប៉ាតានី ប្រទេសថៃ បង្កការផ្ទុះបីលើក

បរទេស៖ ក្រុមប្រដាប់អាវុធមួយ ក្រុមដែលមានគ្នាជាង ១០ នាក់ត្រូវបានគេរាយការណ៍ថា បានវាយលុកចូលរោងចក្រ ថាមពលជីវម៉ាសមួយ នៅខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃនៅព្រឹកព្រលឹមថ្ងៃទី ៩ ខែមិថុនា ដោយបង្ខំឱ្យឆ្មាំសន្តិសុខចេញពីបរិវេណ មុនពេលបង្កឱ្យមាន ការផ្ទុះបីលើក។
 
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២:៤០ ព្រឹកនៅឯរោងចក្រថាមពល ជីវម៉ាសមួយក្នុងភូមិបានម៉ាប្រាវ ស្រុកណងឈីក ខេត្ត ប៉ាតានី។
 
យោងតាមការស៊ើបអង្កេតដំបូង ជនវាយប្រហារមានគ្នា ជាង ១០ នាក់ ដែលបិទមុខ និងប្រដាប់ដោយអាវុធបែបយោធា បានចេញពីតំបន់ព្រៃឈើ នៅពីក្រោយរោងចក្រ ហើយបានឡើងលើរបងរោងចក្រ ។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានគំរាមកំហែងទៅលើបុគ្គលិកសន្តិសុខ និងបុគ្គលិក ដោយបញ្ជាឱ្យពួកគេចាកចេញតាមច្រកទ្វារខាងមុខ មុនពេលដាក់ឧបករណ៍ផ្ទុះនៅជិតប្រព័ន្ធចែកចាយ ថាមពលរបស់រោងចក្រ ។ ការផ្ទុះចំនួនបីត្រូវបាន ឮជាបន្តបន្ទាប់គ្នាយ៉ាងរហ័ស ដែលបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកស្រុកនៅក្បែរនោះ ។ បន្ទាប់មកជនវាយប្រហារ បានរត់គេចខ្លួនចូលទៅក្នុងព្រៃជុំវិញ ក្រោមការបិទបាំងនៃភាពងងឹត ។
 
មិនមានការរាយការណ៍អំពីរបួស ឬការស្លាប់ណាមួយឡើយគិតត្រឹមព្រឹកថ្ងៃអង្គារ។
 
បន្ទាប់ពីការវាយប្រហារ កងទ័ពមកពីកងកម្លាំងពិសេស លេខ៤៣ និងភ្នាក់ងារសន្តិសុខផ្សេងទៀត បានធ្វើដំណើរយ៉ាងលឿន ដើម្បីធានាសុវត្ថិភាពតំបន់នោះ។
 
អាជ្ញាធរបានបង្កើតចំណុចត្រួតពិនិត្យ និងរបាំងផ្លូវជុំវិញទីតាំងនោះ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបន្ថែមទៀត និងដើម្បីតាមដានអ្នកដែលទទួលខុសត្រូវ៕
 
ប្រែសម្រួលៈ ណៃ តុលា

To Top