Updated៖ មនុស្ស ៤៥ នាក់ស្លាប់ និង ១៧ នាក់បាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនៅភាគខាងត្បូងហ្វីលីពីន
ម៉ានីល៖ យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បានស្លាប់ ១៧ នាក់បាត់ខ្លួន និង ៤៨៧ នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃកោះមីនដាណាវ ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅថ្ងៃពុធនេះ។
កាលពីម្សិលមិញនេះ មានតួលេខអ្នកស្លាប់ចំនួន ៣៧ នាក់បានស្លាប់ និងប្រហែល ៥០០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃចន្ទ។ យោងតាមការិយាល័យការពារជនស៊ីវិលរបស់ប្រទេសហ្វីលីពីន ការស្លាប់ទាំងនេះបណ្តាលមកពីការរអិលបាក់ដី ដែលបង្កឡើងដោយគ្រោះរញ្ជួយដី ការលង់ទឹក និងរបួសដោយសារការធ្លាក់ ឬបាក់ដីនៃកម្ទេចកម្ទី។ នៅក្នុងខេត្ត Sarangani មនុស្ស ១៤ នាក់បានស្លាប់ នៅពេលដែលការរអិលបាក់ដីបានកប់ផ្ទះរបស់ពួកគេនៅជើងភ្នំ។
ក្រសួងអប់រំរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា ការរញ្ជួយដីនេះបានប៉ះពាល់ដល់សាលារៀនជាង ៨,៦០០ ខ្នង ដោយរំខានដល់ថ្នាក់រៀនសម្រាប់អ្នករៀនជាង ៤ លាននាក់ និងបុគ្គលិកសាលាជាង ១៥០,០០០ នាក់។ ក្រសួងថាមពលរបស់ប្រទេសនេះបានឲ្យដឹងថា គ្រួសារប្រហែល ៨៦៤,០០០ គ្រួសារបានជួបប្រទះនឹងការរំខានដល់ចរន្តអគ្គិសនី។
ក្រសួងសាធារណការ និងផ្លូវហាយវេបានឲ្យដឹងថា ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយការរញ្ជួយដីនេះបានឈានដល់ ១ ពាន់លានប៉េសូ (ប្រហែល ១៦.២ លានដុល្លារអាមេរិក) នៅក្នុងទីក្រុង General Santos ដែលជាទីក្រុងកំពង់ផែ ដែលមានប្រជាជនជាង ៧០០,០០០ នាក់។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល ប្រតិបត្តិការចុះចត និងហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ General Santos បច្ចុប្បន្នត្រូវបានកំណត់ ចំពោះជើងហោះហើររបស់រដ្ឋាភិបាល យោធា និងមនុស្សធម៌រហូតដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ១១ ខែមិថុនា។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា ការរញ្ជួយដីតិចតូនិចបានកើតឡើងនៅម៉ោង ៧ និង ៣៧នាទី ព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ៣៣ គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ ៣២ គីឡូម៉ែត្រភាគនិរតីនៃឆ្នេរសមុទ្រនៃទីក្រុង Maasim ក្នុងខេត្ត Sarangani នៅលើកោះ Mindanao៕
ប្រែសម្រួល ឈូក បូរ៉ា
